ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មី និងប្តេជ្ញាបង្កើនការផលិតបន្ថែមទៀត

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលមានទំហំតូចជាងមុន ហើយបានប្តេជ្ញាថា នឹងផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ប្រទេសនេះក្នុងពេលធ្វើសមយុទ្ធ ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានចេញផ្សាយរូបថតនៃក្បាលគ្រាប់ដែលត្រូវបានគេហៅថា Hwasan-31s នៅគ្រាដែលមេដឹកនាំ គីម ជុងអ៊ុន បានទៅទស្សនាវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ជាកន្លែងដែលគាត់បានត្រួតពិនិត្យអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើមីស៊ីលផ្លោង ក៏ដូចជាផែនការប្រតិបត្តិការប្រឆាំងនុយក្លេអ៊ែរ ផងដែរ ។

អ្នកជំនាញលើកឡើងថា រូបភាពទាំងនេះអាចបង្ហាញពីវឌ្ឍនភាពនៃក្បាលគ្រាប់ធុនតូចដែលមានកម្លាំងខ្លាំង ប៉ុន្តែតូចល្មមអាចបំពាក់លើមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក ។

លោក Kune Y. Suh សាស្ត្រាចារ្យទទួលបន្ទុកផ្នែកវិស្វកម្មនុយក្លេអ៊ែរនៅសាកលវិទ្យាល័យជាតិសេអ៊ូល បានលើកឡើងដោយប្រៀបធៀបក្បាលគ្រាប់ថ្មីទៅនឹងកំណែទម្រង់ឆ្នាំ២០១៦ថា “វាមានថាមពលខ្លាំងជាងនៅក្នុងលំហតូច ។ នោះជារឿងគួរឱ្យព្រួយបារម្ភបំផុត” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top