ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ចោទសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថាបានបង្កើនភាពតានតឹង ឈានដល់មាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ពីការបង្កើនភាពតានតឹង ឈានដល់មាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារួមគ្នា របស់ពួកគេដែលពាក់ព័ន្ធ នឹងទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិក ដោយប្តេជ្ញាថា នឹងឆ្លើយតបជាមួយនឹង “សកម្មភាពវាយលុក” ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយដូច្នេះ ។

ទីភ្នាក់ងារ KCNA បានចេញផ្សាយ ពីការធ្វើអត្ថាធិប្បាយ ដោយលោក Choe Ju Hyon ដែលវាហៅថា អ្នកវិភាគសន្តិសុខអន្តរជាតិ ដោយរិះគន់សមយុទ្ធនេះថា ជា “ការជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឈានដល់ការផ្ទុះសង្រ្គាម” ។

អត្ថបទនេះបានដាក់ថា “ភាពច្របូកច្របល់ នៃការប្រឈមមុខដាក់គ្នាខាងយោធា ដែលមិនប្រុងប្រយ័ត្ន របស់សហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួនប្រឆាំង នឹងកូរ៉េខាងជើង កំពុងជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េទៅជាមហន្តរាយដែលមិនអាចត្រឡប់បក្រោយវិញបាន … ឈានដល់មាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរ” ។

នៅក្នុងអត្ថបទខាងលើបានប្រើប្រាស់អក្សរកាត់ នៃឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើង គឺ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។

“ឥឡូវនេះសហគមន៍អន្តរជាតិសង្ឃឹម ជាឯកច្ឆ័ន្ទថា ពពកខ្មៅ ងងឹត នៃសង្គ្រាមនុយក្លេអ៊ែរ ដែលព្យួរនៅលើឧបទ្វីបកូរ៉េនឹងត្រូវ ដកចេញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top