ព័ត៌មានអន្តរជាតិ

ចិន នៅតែបន្តបញ្ជូននាវាចម្បាំង ទៅកាន់តំបន់ដែនទឹកកោះតៃវ៉ាន់ ទោះបីបញ្ចប់សមយុទ្ធ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករបស់ចិន នៅតែស្ថិតក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីបញ្ចប់ការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ខណៈដែលប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានរិះគន់ក្រុងប៉េកាំងថា មានអាកប្បកិរិយា “គ្មានការទទួលខុសត្រូវ” ។

គួរបញ្ជាក់ថា ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកស្រី Tsai បានត្រឡប់ទៅទីក្រុងតៃប៉ិវិញ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡូសអ៊ែនជីឡេស ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក Kevin McCarthy ។

ប្រទេសចិន ដែលបានព្រមានសហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យលោកស្រី Tsai ធ្វើទស្សនកិច្ច ឬជួបលោក McCarthy មិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងនោះទេ ។ រដ្ឋាភិបាលកោះតៃវ៉ាន់ ជំទាស់យ៉ាងខ្លាំង ចំពោះការទាមទាររបស់ប្រទេសចិន ។

ទោះបីជាចិន បានលើកឡើងកាលពីយប់ថ្ងៃចន្ទថា សមយុទ្ធបានបញ្ចប់ក៏ដោយ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានអះអាងថា ខ្លួនបានប្រទះឃើញនាវារបស់ចិន ចំនួន៩គ្រឿង និងយន្តហោះ២៦គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និង Su-30 ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ នៅជុំវិញកោះនេះកាលពីល្ងាចថ្ងៃអង្គារនេះ ។

ក្រសួងបានឲ្យដឹងទៀតថា កងកម្លាំងទ័ពអាកាស កងទ័ពជើងទឹក និងក្រុមនាវិកកាំជ្រួចដែលមានមូលដ្ឋាន នៅឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ កំពុងតាមដានយ៉ាងដិតដល់ និងឆ្លើយតប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top