ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន៖ អាមេរិក រារាំងការគ្រប់គ្រងអាវុធ ការមិនរីកសាយភាយ និងការរំសាយអាវុធ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា សកម្មភាពជាច្រើន ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះបានរារាំងយ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការនៃការ គ្រប់គ្រងអាវុធពហុភាគី ការមិនរីកសាយភាយ និងការរំសាយអាវុធ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតសារព័ត៌មានមួយ ទាក់ទងនឹងខ្លឹមសារទាក់ទងនឹងប្រទេសចិន នៅក្នុងរបាយការណ៍អនុលោមភាពឆ្នាំ២០២៣ ដែលចេញដោយសហរដ្ឋអាមេរិក។

ដោយ​បរិហារ​ខ្លឹមសារ​នោះ​ថា ​ជា​ការ​ប្រឌិត​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​លាប​ពណ៌​ដោយ​ចេតនា លោក Tan បាន​សម្តែង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ពី​ភាគី​ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ទាក់ទងនឹងការមិនរីកសាយភាយនុយក្លេអ៊ែរ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានផ្លាស់ប្តូរការ ស្តីបន្ទោសឥតឈប់ឈរ គេចចេញពីការទទួលខុសត្រូវរបស់ខ្លួន ហើយថែមទាំងបានដកខ្លួនចេញពីសន្ធិសញ្ញា និងអង្គការនានាទៀតផង។

ក្នុងនាមជាប្រទេសតែមួយគត់ ដែលបានរារាំងការចរចា លើពិធីការផ្ទៀងផ្ទាត់អនុសញ្ញាអាវុធជីវសាស្ត្រ សហរដ្ឋអាមេរិក បានសាងសង់បន្ទប់ពិសោធន៍ជីវសាស្ត្រជាង ១០០ នៅជុំវិញពិភពលោក។ ឥឡូវនេះ ខ្លួនកំពុងពិចារណាលើការអភិវឌ្ឍន៍ ប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដោយសហការជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី លើនាវាមុជទឹកនុយក្លេអ៊ែរ និងការជំរុញកម្មវិធីយោធា របស់ខ្លួននៅក្នុងលំហអាកាស និងអ៊ីនធឺណិត។

លោកបានលើកឡើងថា ប្រទេសចិន រក្សាយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិ ជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ ប្តេជ្ញាចំពោះពហុភាគីនិយមពិត និងបំពេញកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិ ដោយស្មោះត្រង់ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ និងការមិនរីកសាយភាយអាវុធ។

លោកបានបន្ថែមថា យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងពីខ្លួនឯង ជាជាងចង្អុលដៃទៅកាន់អ្នកដ៏ទៃ ហើយដោះស្រាយដោយស្មោះអស់ពីចិត្ត ចំពោះកង្វល់ស្របច្បាប់របស់សហគមន៍អន្តរជាតិ លើបញ្ហានៃការអនុលោមតាមច្បាប់ របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top