ព័ត៌មានអន្តរជាតិ

ប្រទេសដែលនៅ​ ជាប់របងជាមួយរុស្ស៊ី អះអាងថា បានត្រៀមខ្លួន រួចហើយដើម្បីស្វាគមន៍ វត្តមានយោធាអាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុង ហែលសិនស្គី បានអះអាងអំពីត្រៀមខ្លួនរួចជាស្រេចក្នុង ការពិភាក្សាជាមួយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ដែលនឹងអនុញ្ញាតឱ្យទាហានអាមេរិក ដាក់ពង្រាយដោយសេរី ទៅកាន់ប្រទេសហ្វាំងឡង់ ដែលជាសមាជិករដ្ឋណាតូដែលទើបនឹងចូលថ្មី, នេះបើតាមមន្ត្រីក្រសួងការបរទេសហ្វាំងឡង់លោក មីហ្គែល អែនធែល បានប្រាប់កាសែត ហែលសិនហ្គិន សាណូម៉េត (HS) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មានបានរាយការណ៍ថា លោក មីហ្គែល អែនធែល ដែលមានតួនាទីជាអគ្គនាយករងទទួលបន្ទុកកិច្ចការ នយោបាយរបស់ក្រសួងការបរទេស កំពុងដឹកនាំការចរចាទ្វេភាគី ហើយការពិភាក្សាចុងក្រោយបង្អស់បាន ធ្វើឡើងនៅរដ្ឋធានីហ្វាំងឡង់កាលពីសប្តាហ៍មុន។

យោងតាមលោក មីហ្គែល អែនធែល កិច្ចព្រមព្រៀងនេះគឺសំដៅបង្កើនសមាជិកភាព ណាតូបច្ចុប្បន្នរបស់ ប្រទេសហ្វាំងឡង់ ដែលវាត្រូវបានផ្តល់កាលពីខែមេសា និងពង្រឹងសមត្ថភាពការពារ និងរារាំងរបស់ប្រទេស តាមរយៈវត្តមាន របស់សហរដ្ឋអាមេរិក និងការបំពាក់ឧបករណ៍ការពារជាមុន។ លោកបានប្រាប់កាសែត ហែលសិនហ្គិន សាណូម៉េត ថា អ្វីដែលសំខាន់បំផុតនោះគឺថា កិច្ចព្រមព្រៀងអាចធ្វើឱ្យកិច្ចសហប្រតិបត្តិការរលូន ជាមួយសហរដ្ឋ អាមេរិក ក្នុងគ្រប់ស្ថានភាពសន្តិសុខ ហើយក៏នៅក្នុងការជូនដំណឹងខ្លីផងដែរ»។

លោកបានពន្យល់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ នឹងអនុញ្ញាតឱ្យចូល និងស្នាក់នៅរបស់ទាហាន អាមេរិក , ការផ្ទុកសម្ភារៈជាមុន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលអាច ធ្វើទៅបានតាមរយៈ មូលនិធិដែលផ្តល់ទៅឱ្យមន្ទីរបញ្ចកោណដោយសភាអាមេរិក។

លោក មីហ្គែល អែនធែល បានកត់សម្គាល់ថា ខណៈពេលដែលកិច្ចព្រមព្រៀងអាចបង្កើតឱកាសវិនិយោគ នៅក្នុងប្រទេសហ្វាំងឡង់ នោះ វា “ឆាប់ពេកក្នុងការប៉ាន់ស្មាន” លើការវិនិយោគជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយ លោកបានផ្តល់យោបល់ថា នេះអាចជាមូលនិធិនៃមជ្ឈមណ្ឌលថែទាំសម្រាប់យន្តហោះចម្បាំង F-35 ផងដែរ៕

Most Popular

To Top