ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ការ​ពង្រីករបស់​អង្គការ​ណាតូ​ ប៉ះពាល់​ដល់​កិច្ច​ពិភាក្សា​ ស្តីពី​សន្តិសុខ​អឺរ៉ុប

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “ការពង្រីកដោយមិនប្រុងប្រយ័ត្ន” របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់ការសន្ទនាធម្មតាបន្ថែមទៀត ស្តីពីសន្តិសុខអឺរ៉ុប។

នៅពេលអង្គការណាតូ កំពុងពង្រីកនៅទិសខាងកើត ខាងជើង និងទិសដៅផ្សេងទៀត ប្លុកនេះកំពុង “ស្រូបយកប្រទេសអព្យាក្រឹតស្ទើរតែទាំងអស់” លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទខ្លីមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីបេឡារុស្សលោក Sergei Aleinik ។

លោកបានបន្ថែមថា ស្ថានការណ៍នៅក្នុងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុបគឺ “គួរឱ្យសោកស្ដាយ” ហើយ “បន្តកាន់តែអាក្រក់ទៅៗ ដោយសារតែមិនមានឆន្ទៈរបស់សមាជិកណាតូ ក្នុងការសម្របសម្រួលមហិច្ឆិតារបស់ពួកគេ ដើម្បីសម្រេចគ្រប់បែបយ៉ាង និងដើម្បីត្រលប់ទៅការសន្ទនាប្រកបដោយការគោរព និងស្មើភាពគ្នា”

លោក Aleinik បានលើកឡើងថា ប្រទេសភាគច្រើនខិតខំ ដើម្បីពិភពលោកពហុប៉ូល ប៉ុន្តែមួយចំនួនគ្រាន់តែចង់រក្សាអនុត្តរភាពរបស់ពួកគេប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា “ដំណើរការនៃការផ្លាស់ប្តូរសកលលោក និងការផ្លាស់ប្តូររីកចម្រើន ទៅកាន់ពិភពលោកពហុប៉ូល ដែលចាប់ផ្តើមដោយលោកខាងលិចខ្លួនឯង មិនអាចត្រឡប់វិញបាននោះទេ”

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top