ព័ត៌មានអន្តរជាតិ

Update៖ បក្ស Move Forward ចុះ MoU ក្រោយទទួលបានជ័យជម្នះក្នុង ការបោះឆ្នោតសកលនៅថៃ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា គណបក្ស Move Forward របស់ប្រទេសថៃឡង់ដ៏ និងសម្ព័ន្ធមិត្តនយោបាយចំនួន ៧របស់ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ហៅកាត់ថា (MOU) កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងទៅវិញទៅមក ដើម្បីជំរុញរបៀបវារៈចំនួន ២៣នៅពេលដែលរដ្ឋាភិបាល ចម្រុះរបស់ពួកគេត្រូវបានបង្កើតឡើង ។

គួរបញ្ជាក់ថា MOU បានឈានមកដល់ការទទួលជ័យជម្នះមិននឹកស្មានដល់របស់បក្ស Move Forward នៅក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា មានគោលបំណងបង្កើតមូលដ្ឋាន សម្រាប់ការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃឡង់ ដ៏ និងដើម្បីកំណត់ទិសដៅការងាររួម ក្នុងចំណោមគណបក្សសមាជិកទាំង៨ ។

មេដឹកនាំ និងបេក្ខជននាយករដ្ឋមន្ត្រី Pita Limjaroenrat បានថ្លែងថា “វាគឺជាការចងក្រងរបៀបវារៈដែលយើងបានព្រមព្រៀងគ្នា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញតាមរយៈយន្តការរដ្ឋាភិបាល និងសភា” ។

លោកបានបញ្ជាក់ថា “វាក៏បង្ហាញពីការទទួលខុសត្រូវចែករំលែកដោយភាគីដែលនឹងបង្កើតរដ្ឋាភិបាលជាមួយគ្នា” ។

នៅក្នុងចំណោមបេសកកម្មសំខាន់ៗគឺការព្រាងរដ្ឋធម្មនុញ្ញថ្មី ការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នា ការដាក់កញ្ឆាឡើងវិញក្នុងបញ្ជីគ្រឿងញៀន ដែលត្រូវបានហាមឃាត់ និងជំនួសការចុះឈ្មោះជាកាតព្វកិច្ច ជាមួយនឹងការជ្រើសរើសដោយស្ម័គ្រចិត្ត ក្នុងអំឡុងពេលសន្តិភាព ។

លោក Pita បានថ្លែងថា “គ្រប់ភាគីទាំងអស់បានព្រមព្រៀងគ្នាថា រាល់បេសកកម្មដែលរដ្ឋាភិបាលនឹងចេញ មិនត្រូវប៉ះពាល់ដល់ស្ថានភាព របស់រដ្ឋក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឬឋានៈមិនអាចរំលោភបាននៃព្រះមហាក្សត្រឡើយ” ។

សម្ព័ន្ធភាពនាពេលនេះរួមមាន បក្ស Move Forward, Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និងបក្ស Pue Thai Rumphlang ។

រួមគ្នាពួកគេមាន៣១៣អាសនៈ នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិក៥០០រូប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top