ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា ខ្លួនបានបញ្ចប់ការកម្ចាត់ ក្រុមបះបោរប្រដាប់អាវុធចូលពីអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការលុកលុយចូលប្រទេសរុស្ស៊ី ហើយទីក្រុងម៉ូស្គូបានបញ្ជាក់ថា ខ្លួនបានបញ្ចប់ដោយការកម្ចាត់ក្រុមបះបោរប្រដាប់អាវុធដែលបានចូលពីអ៊ុយក្រែន ។

ផ្នែកខ្លះនៃតំបន់ព្រំដែននៃទីក្រុង Belgorod បានរងការវាយប្រហារកាលពីថ្ងៃចន្ទ នៅក្នុងការវាយឆ្មក់ឆ្លងព្រំដែន ដ៏ធំបំផុតមួយចាប់តាំងពីប្រទេសរុស្ស៊ី ដែលបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីឆ្នាំមុន ។

ក្រោយមករុស្ស៊ី បានបញ្ចេញរូបភាព នៃរថយន្តយោធាលោកខាងលិច ដែលត្រូវបានគេបោះបង់ចោល ឬខូចខាត រួមទាំងរថយន្ត Humvees ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ ។

អាមេរិកបានទទូចថា ខ្លួនមិនបាន “លើកទឹកចិត្ត ឬបើកការវាយប្រហារនៅខាងក្នុង នៃដែនដីរុស្ស៊ីឡើយ” ។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បានទទួលស្គាល់របាយការណ៍ “ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងកន្លែងផ្សេងទៀត” ហើយអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ ប៉ុន្តែបានលើកឡើងថា ប្រទេសរបស់គាត់មាន “មន្ទិលសង្ស័យនៅពេលនេះ នៃភាពត្រឹមត្រូវ នៃរបាយការណ៍ទាំងនេះ” ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Matthew Miller បានលើកឡើងទៀតថា “វាអាស្រ័យលើអ៊ុយក្រែន ក្នុងការសម្រេចចិត្តពីរបៀបធ្វើសង្រ្គាមនេះ” ។

អ្នកជំនាញខាងយោធាអ៊ុយក្រែន និងអ្នកសរសេរប្លុកមួយចំនួន បានលើកឡើងថា រូបភាពនៃយានជំនិះរបស់អាមេរិកដែលត្រូវបានបំផ្លាញ ដែលត្រូវបានបញ្ចេញដោយរុស្ស៊ី អាចត្រូវបានរៀបចំឡើងតែប៉ុណ្ណោះ ។

ភូមិដែលនៅ Belgorod ក្បែរព្រំដែនត្រូវបានជម្លៀសចេញ បន្ទាប់ពីរងការឆាបឆេះ ។

រុស្ស៊ី បានអះអាងថា អ្នកវាយប្រហារ៧០នាក់ត្រូវបានសម្លាប់ ហើយបានលើកឡើងថា អ្នកវាយប្រហារគឺជាជនជាតិអ៊ុយក្រែន ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top