ហាណូយ ៖ យោងតាមមន្ត្រីសុខាភិបាល បានឱ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ១៥ ដែលមានចំនួនអ្នកជក់បារី ជាបុរសពេញវ័យច្រើនជាងគេលើពិភពលោក ភាគច្រើនដោយសារតែភាពងាយស្រួល នៃការប្រើប្រាស់បារី ដែលបង្កឡើងដោយពន្ធថ្នាំជក់ទាប និងការលេចឡើងនៃប្រភេទផ្សេងៗ នៃបារីអេឡិចត្រូនិច ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lương Ngọc Khuê ប្រធាននាយកដ្ឋាន រដ្ឋបាលសេវាវេជ្ជសាស្រ្ដ នៃក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅក្នុងសិក្ខាសាលា កាលពីថ្ងៃអង្គារថា ការកាត់បន្ថយអត្រាអ្នកជក់បារី ក្នុងប្រទេសវៀតណាម មិនទាន់បានដល់គោលដៅ កំណត់ក្នុងយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងផលប៉ះពាល់ថ្នាំ ជក់នៅឡើយទេ។

ក្រសួងព័ត៌មាន និងសារគមនាគមន៍ បានរៀបចំសិក្ខាសាលានេះ ដោយមានការសម្របសម្រួលជាមួយក្រសួងសុខាភិបាល ស្តីពីការបង្ការ និងគ្រប់គ្រងផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់ថ្នាំជក់។
ដោយលើកឡើងអំពីការកាត់បន្ថយអត្រាអ្នកជក់បារីឱ្យមក នៅក្នុងកម្រិតទាប លោក Lương Ngọc Khuê បាននិយាយថា មូលហេតុចម្បង គឺដោយសារពន្ធថ្នាំជក់ របស់វៀតណាមមានកម្រិតទាបខ្លាំង ។ លោកថា តម្លៃបារីទាបបានបង្កើនលទ្ធភាពទទួលបាន និងទិញថ្នាំជក់ក្នុងចំណោមយុវជន និងជនក្រីក្រ ។
លើសពីនេះ បារីអេឡិចត្រូនិចថ្មី និងចម្រុះ និងផលិតផលថ្នាំជក់ បានបង្ហាញខ្លួននៅលើទីផ្សារ ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់មនុស្សជាច្រើន ជាពិសេសយុវវ័យក្នុង ការប្រើបារីយ៉ាងងាយស្រួល។
នៅទូទាំងពិភពលោក ការជក់បារីនាំឱ្យមនុស្សស្លាប់ ៨ លាននាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមពួកគេ ១ លាននាក់បានស្លាប់ដោយសារតែការជក់បារីអកម្ម ឬ ស្រូបផ្សែងបារីពីគេ៕
ប្រែសម្រួលៈ ណៃ តុលា
