ព័ត៌មានអន្តរជាតិ

នាវិក ជាច្រើននាក់ នៃនាវាកងទ័ពជើងទឹកអាមេរិក នៅជប៉ុន ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

តូក្យូ៖ កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតសមាជិកនាវិកជាច្រើននាក់ នៃនាវាផ្ទុកយន្តហោះ Ronald Reagan ដែលមានទីតាំងនៅទីក្រុង Yokosuka ក្បែរទីក្រុងតូក្យូ ជុំវិញការសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។

មន្ត្រីកងទ័ពជើងទឹកម្នាក់បានឲ្យដឹងថា “យើងយករបាយការណ៍ទាំងអស់ នៃការប្រព្រឹត្តិខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយកំពុងធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ជប៉ុន” ។

ការស៊ើបអង្កេតកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយគេមិនទាន់ដឹងច្បាស់ថា តើថ្នាំប្រភេទណា ដែលត្រូវប្រើប្រាស់ និងចំនួនអ្នកពាក់ព័ន្ធនោះទេ។

នាវាផ្ទុកយន្ដហោះ Ronald Reagan ត្រូវបានគេជឿថា បានចាកចេញពីមូលដ្ឋានរបស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់បេសកកម្មល្បាតរយៈពេលវែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ក្យូដូជប៉ុន។

ក្នុងឆ្នាំ២០១៨ នាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ ដែលត្រូវបានចាត់ឱ្យទៅនាវាផ្ទុកយន្ដហោះ Ronald Reagan ត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញាជប៉ុន ពីបទរត់ពន្ធគ្រឿងញៀនតាមសំបុត្រអន្តរជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top