ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី សង្ឃឹមថា នឹងប្រើប្រាស់ថ្នាំគីមីជួយព្យាបាល ជំងឺមហារីកខួរក្បាលទទួលបានប្រសិទ្ធិភាព

ស៊ីដនី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីសង្ឃឹមថា នឹងធ្វើឱ្យថ្នាំព្យាបាលដោយគីមី កាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកខួរក្បាល ជាមួយនឹងការរកឃើញរបស់ពួក គេដែលបានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ ។

សារធាតុម្យ៉ាងឈ្មោះថា nanoparticle ត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queensland (UQ) និងសាកលវិទ្យាល័យ New South Wales ក្នុងគោលបំណងកំណត់គោលដៅកោសិកាមហារីក និងដោះស្រាយដុំសាច់ខួរក្បាលដែលកើតឡើង ។

ទិន្នន័យពី Cancer Australia ដែលជាទីភ្នាក់ងាររដ្ឋាភិបាលជាតិ បានបង្ហាញថា មហារីកខួរក្បាល គឺជាមូលហេតុទូទៅទី៩ នៃការស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២០ ។

ឱកាស នៃការរស់រានមានជីវិតពីជំងឺលើសពី៥ ឆ្នាំ គឺតិចជាង២៣ភាគរយ ។

លោកស្រី Taskeen Janjua អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាមន្ត្រីស្រាវជ្រាវរបស់ UQ បានលើកឡើងថា សារធាតុ nanoparticle ថ្មីអាចផ្ទុកដោយសារធាតុ temozolomide ដែលជាថ្នាំម៉ូលេគុលតូចមួយ ដែលប្រើសម្រាប់ព្យាបាលដុំសាច់ដែលគេស្គាល់ថា ជា glioblastoma ។

យោងតាមការសិក្សារបស់ពួកគេដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of Controlled Release លទ្ធផលពីសត្វកណ្តុរបានបង្ហាញថា សារធាតុ nanoparticles បានប្រមូលផ្តុំនៅក្នុងខួរក្បាលដោយជោគជ័យ នៅក្នុងរយៈពេល២ទៅ៣ម៉ោងដោយគ្មានផលប៉ះពាល់ អវិជ្ជមានលើសរីរាង្គសំខាន់ៗឡើយ ។

លោកស្រី Janjua បានបញ្ជាក់ថា “ថ្នាំព្យាបាលដោយគីមីនេះមានដែនកំណត់ ហើយវាមិនស្ថិតនៅក្នុងឈាមយូរនោះទេ វាអាចត្រូវបានរុញចេញពីខួរក្បាល ហើយវាមិនមានការជ្រៀតចូលខ្ពស់ពីឈាមទៅក្នុងខួរក្បាលឡើយ” ។

អ្នកស្រីបានកត់សម្គាល់ថា “ដើម្បីធ្វើឱ្យថ្នាំមានប្រសិទ្ធភាពជាងមុន យើងបានអភិវឌ្ឍនូវសារធាតុ nanoparticle ដើម្បីឲ្យជ្រាបចេញតាមរន្ធញើសតូចបំផុត ដើម្បីជួយឱ្យវាផ្លាស់ទីតាមរបាំងឈាម-ខួរក្បាល និងជ្រាបចូលទៅក្នុងដុំសាច់ ខណៈដែលកាត់បន្ថយផលប៉ះពាល់ដែលមិនចង់បានរបស់អ្នកជំងឺ” ។

នាងបានលើកឡើងទៀតថា យុទ្ធសាស្ត្រនេះអាចជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពជាងក្នុងការព្យាបាលជំងឺមហារីកខួរក្បាល និងការពារកុំឱ្យជំងឺនេះកើតឡើងម្តងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top