ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ត្រៀមលុយជាង ៤០​លាន​ដុល្លារ ដើម្បី​ស្តារ​ការផ្គត់ផ្គង់​ទឹក​ឡើងវិញ ក្រោយ​​ទំនប់ កាខូវកា ត្រូវបានបំផ្លាញ

គៀវ៖ ទីភ្នាក់ងាររដ្ឋសម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមថវិកាចំនួន ៤១ លានដុល្លារអាមេរិក ដើម្បីផ្តល់ទឹកស្អាតដល់តំបន់ ដែលរងផលប៉ះពាល់ដោយការបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួននឹងសាងសង់បំពង់ទឹកសំខាន់មួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីស្តារការផ្គត់ផ្គង់ទឹកដល់ទីក្រុង និងភូមិ ដែលប្រឈមនឹងការខ្វះខាតទឹក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បំពង់បង្ហូរប្រេងដែលមានប្រវែង ៨៧គីឡូម៉ែត្រនឹងមានបីផ្នែកដែលមានសមត្ថភាពបូមទឹកប្រហែល ៣០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្នែកខ្លះនៃតំបន់ ឌីប្រូផេត្រូវ នៅកណ្តាលអ៊ុយក្រែន និងតំបន់ហ្សាប៉ូរីហ្សៀ តំបន់មីកូឡាយីវ និងតំបន់ឃើសុន នៅភាគខាងត្បូងអ៊ុយក្រែន នឹងប្រឈមមុខនឹងការខ្វះខាតទឹក ដោយសារតែឧបទ្ទវហេតុនៅទំនប់វារីអគ្គិសនី កាខូវកា ។

ការបំផ្លិចបំផ្លាញនៃទំនប់នៅរោងចក្រនេះបណ្តាលឱ្យមានការធ្លាក់ចុះនៃកម្រិតអាងស្តុកទឹក កាខូវកា និងការជន់លិចដ៏ធំនៅក្នុងតំបន់ជុំវិញនោះ។ រុស្ស៊ី និងអ៊ុយក្រែន បានការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារលើរោងចក្រថាមពលវារីអគ្គិសនី។

យោងតាមប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែនអ៊ីនើហ្គោតុម ការបំផ្លិចបំផ្លាញទំនប់នេះអាចជះឥទ្ធិពលអវិជ្ជមានដល់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សៀ របស់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top