ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អនុម័តការបញ្ជាទិញ យន្ដហោះចម្បាំងធុន F-35 ចំនួន ២៥គ្រឿង បន្ថែមទៀត សរុប ៧៥គ្រឿង

ប្រភព ៖ Xinhua

យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ​ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រទេសអ៊ីស្រាអែល បានយល់ព្រមទិញយន្តហោះចម្បាំង បំបាំងកាយ F-35​ ចំនួន ២៥ គ្រឿង ពីសហរដ្ឋអាមេរិក ដោយក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានតម្លៃប្រហែល ៣ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវបានផ្តល់ ហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយ ការពារជាតិ របស់សហរដ្ឋអាមេរិក ដែលទទួលបានដោយអ៊ីស្រាអែល។

ជាផ្នែកនៃកិច្ចព្រមព្រៀងដើមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin និងក្រុមហ៊ុនផលិត ម៉ាស៊ីន Pratt & Whitney បានយល់ព្រមពាក់ព័ន្ធនឹងឧស្សាហកម្ម ការពារជាតិរបស់អ៊ីស្រាអែល ក្នុងការផលិតគ្រឿងបន្លាស់យន្តហោះ។

ការ​ទិញ​យក​នេះ​នឹង​ នាំ​ឱ្យ​ចំនួន​យន្តហោះ F-35 ដែល​ប្រតិបត្តិការ​ដោយ​កងទ័ព​អាកាស​អ៊ីស្រាអែល​ដល់ ៧៥ គ្រឿង។ លទ្ធកម្មនេះត្រូវបានអនុម័ត ដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant តាមអនុសាសន៍របស់មេទ័ព Herzi Halevi អគ្គនាយកនៃក្រសួងការពារជាតិលោក Eyal Zamir និងមេបញ្ជាការកងទ័ពអាកាស អ៊ីស្រាអែលលោក Tomer Bar ។

យន្តហោះចម្បាំងបំបាំងកាយធុន F-35 ចំនួន ៩ គ្រឿងដំបូងគេនៅអ៊ីស្រាអែល បានដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៧ ហើយនៅក្នុងខែឧសភា ឆ្នាំ២០១៨ យន្តហោះដំបូងគេត្រូវបានដាក់ពង្រាយ សម្រាប់ការប្រយុទ្ធ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top