ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គំរាមបាញ់ទម្លាក់យន្តហោះ ស៊ើបការណ៍អាមេរិក ដែលបំពានដែនអាកាសរបស់ខ្លួន

Xinhua

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទបានចោទសហរដ្ឋអាមេរិកថាបានរំលោភលើដែនអាកាសរបស់ខ្លួនដោយធ្វើការហោះហើរឈ្លបយកការណ៍ ហើយបានព្រមានថែមទៀតថា ខណៈពេលដែលទីក្រុងព្យុងយ៉ាងកំពុងអនុវត្តការអត់ធ្មត់ នោះការហោះហើរបែបនេះ អាចនឹងត្រូវបាញ់ទម្លាក់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។

របាយការណ៍ក៏បានលើកឡើងពីការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងតាមរយៈការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរនៅជិតឧបទ្វីបនេះ។

អ្នកនាំពាក្យបាននិយាយថា “មិនមានការធានាចំពោះ ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការធ្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ” នៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសកូរ៉េ។

សេចក្តីថ្លែងការណ៍បានលើកឡើងពីឧប្បត្តិហេតុកាលពីអតីតកាលដែលកូរ៉េខាងជើង បាញ់ទម្លាក់ ឬស្ទាក់យន្តហោះអាមេរិកនៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅឆ្នេរសមុទ្រ។ កូរ៉េខាងជើងតែងតែត្អូញត្អែរអំពីជើងហោះហើរឃ្លាំមើលរបស់អាមេរិកនៅក្បែរឧបទ្វីបផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top