ព័ត៌មានអន្តរជាតិ

បុរសវ័យចំណាស់ម្នាក់ នៅអូស្ត្រាលី ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យបន្ទាន់ ក្រោយរងការវាយ ប្រហារពីសត្វក្រពើ

ប្រភព ៖ Xinhua

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា បុរសវ័យចំណាស់ម្នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ក្រោយពីត្រូវបានវាយប្រហារ ដោយសត្វក្រពើ នៅតំបន់ភាគខាងជើង នៃប្រទេសអូស្ត្រាលី ។

ប្រភពបានបញ្ជាក់ថា បុរសអាយុ៦៧ឆ្នាំម្នាក់កំពុងហែលទឹកនៅទឹកធ្លាក់ Wangi ដែលជាកន្លែងដ៏ពេញនិយមមួយនៅក្នុងឧទ្យានជាតិ Litchfield ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Darwin កាលពីថ្ងៃចន្ទ នៅគ្រាដែលគាត់ត្រូវបានក្រពើទឹកប្រៃ ដែលប៉ាន់ស្មានថា មានប្រវែង២ម៉ែត្រ បានវាយប្រហារមកលើរូបគាត់ ។

គាត់ត្រូវបានគេជួយតាំងពីដំបូង នៅកន្លែងកើតហេតុដោយលោក Taneka Starr មន្ត្រីប៉ូលិសក្រៅកាតព្វកិច្ច និង គិលានុបដ្ឋាយិកា នៅមុនពេល ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលសុខភាព Batchelor ដែលនៅក្បែរនោះ ដើម្បីព្យាបាលរបួស ដែលមិនគំរាមកំហែងដល់អាយុជីវិត គឺរងរបួសត្រង់ដៃ និងខ្នងរបស់គាត់ ហើយក្រោយមកគាត់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរ៉ូយ៉ាល់ដាវីន បន្តការព្យាបាលថែមទៀត ។

លោក Dean McAdam ប្រធានឧទ្យាន Northern Australian Parks នៅនាយកដ្ឋាន បរិស្ថាន ឧទ្យាន និងសន្តិសុខទឹក បានឲ្យដឹងថា ការចូលទៅកាន់ទឹកធ្លាក់ Wangi នឹងត្រូវបិទរហូតដល់អាជ្ញាធរ អាចធានាសុវត្ថិភាព សាធារណៈបានធម្មតាវិញ ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការវាយប្រហារ របស់សត្វក្រពើលើកទី៤ ហើយដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ខាងលើនៅ ក្នុងឆ្នាំ២០២៣ ដែលគ្មាននរណាម្នាក់បានស្លាប់ បាត់បង់ជីវិតនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top