ព័ត៌មានអន្តរជាតិ

អាមេរិក ៖ ជប៉ុន ជាសម្ព័ន្ធមិត្ត ដ៏សំខាន់ ក្នុងការគាំទ្រ ដល់កោះតៃវ៉ាន់ ប្រឆាំងនឹង ការឈ្លានពានរបស់ចិន

ប្រភព ៖ Kyodo

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក យល់ឃើញថា ការគាំទ្រ របស់ប្រទេសជប៉ុន នឹងមានសារៈសំខាន់បំផុត សម្រាប់សហរដ្ឋអាមេរិក នៅក្នុងចំណោមសម្ព័ន្ធមិត្ត របស់ខ្លួនសម្រាប់ការការពារតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ចិន ។

ដោយមើលឃើញ ពីដែនកំណត់ភូមិសាស្រ្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងត្រូវពឹងផ្អែកលើការគាំទ្រ ពីសម្ព័ន្ធមិត្តនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និង “ពិសេសប្រទេសជប៉ុន” ក្រុមប្រឹក្សាទំនាក់ទំនងបរទេស បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយដែលមានចំណងជើងថា “ទំនាក់ទំនងអាមេរិក និងកោះតៃវ៉ាន់នៅក្នងសម័យកាលថ្មីមួយ” ។

នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា ប្រទេសជប៉ុន មានកងទ័ពអាមេរិកប្រហែល៥៤.០០០នាក់ និងទីស្នាក់ការកណ្តាល នៃអង្គភាពសំខាន់ៗមួយចំនួន របស់សហរដ្ឋអាមេរិក ដូចជាកងនាវាទី៧របស់កងទ័ពជើងទឹក និងអង្គភាពបេសកកម្មដែនសមុទ្រទី៣១ ផងដែរ ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា “សហរដ្ឋអាមេរិកនឹងយល់ថា ខ្លួនស្ទើរតែមិនអាចទៅរួចនោះទេក្នុងការឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពចំពោះការឈ្លានពានរបស់ប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ ដោយមិនអាចអំពាវនាវដល់កងកម្លាំងសហរដ្ឋអាមេរិក និងឧបករណ៍របស់ខ្លួននៅក្នុងប្រទេសជប៉ុន បានទាន់សភាពការណ៍” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top