ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា ចាប់តាំងពីបើកការវាយបក អ៊ុយក្រែន បាត់បង់ទាហានជាង ២៦០០០នាក់

ប្រភព ៖ AFP

ម៉ូស្គូ៖ ក្រុងគៀវ បាន​ចាប់ផ្តើម​ការ វាយលុក​របស់ខ្លួន​នៅ​ថ្ងៃទី០៤ ខែមិថុនា បន្ទាប់ពី​ត្រូវបាន​បំពាក់អាវុធ​ធុន​ធ្ងន់ ​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ណាតូ។ ក្នុងរយៈពេលមួយខែកន្លះ កងកម្លាំងអ៊ុយក្រែន មានការបង្ហាញតិចតួច សម្រាប់ប្រតិបត្តិការរបស់ពួកគេ ក្រៅពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងកងទ័ព និងឧបករណ៍ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបាត់បង់ទាហានជាង ២៦,០០០នាក់ នៅក្នុងវគ្គនៃការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក ពូទីន ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអាទិត្យថា “យោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក ការខាតបង់ ដែលមិនអាចទទួលបានមកវិញនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន មានចំនួនជាង ២៦០០០នាក់” ។

លោកពូទីន បានឆ្លើយតបថា “វានឹងកាន់តែច្រើន”។ លោក ពូទីន ក៏បានអត្ថាធិប្បាយផងដែរ អំពីប្រតិបត្តិការរបស់ទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធនៅខាង អ៊ុយក្រែន ដោយថាពួកគេបានទទួលការ ខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែ “ភាពឆោតល្ងង់” របស់ពួកគេ។

លោក ពូទីន បានបន្ថែមថា “សមាជិក នៃសាធារណជនទូទៅ នៃប្រទេស ដែលរដ្ឋាភិបាល កំពុងបញ្ជូនមនុស្សទៅតំបន់ ជម្លោះនៅថ្ងៃនេះ ក៏គួរតែដឹងពីអ្វីដែលកំពុងកើតឡើង នៅទីនោះដែរ ។ ហើយយើងនឹងនាំយករឿងនេះទៅកាន់ប្រជាជនឲ្យយកចិត្តទុកដាក់ ដើម្បីឱ្យពួកគេអាចវាយតម្លៃ សកម្មភាពរបស់មេដឹកនាំរបស់ពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top