ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន ៣០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៣ ខណៈដែលប្រទេសនេះ បន្តពង្រឹងកងកម្លាំងទ័ពជើងទឹករបស់ខ្លួន នេះបបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក ពូទីន បានធ្វើការកត់សម្គាល់នៅឯក្បួនដង្ហែរ នៃកងទ័ពជើងទឹកដ៏សំខាន់ ដែលត្រូវបានប្រារព្ធឡើង ជាកិត្តិយសនៃទិវាកងទ័ពជើងទឹករុស្ស៊ី។ លោកបានលើកឡើងថា នាវាចំនួន ៣០គ្រឿងបន្ថែមទៀត នៃថ្នាក់ផ្សេងៗគ្នា នឹងត្រូវបានបន្ថែមទៅ ក្នុងកងទ័ពជើងទឹក រួមទាំងនាវា Mercury corvette ផងដែរ។

ក្បួនព្យុហយាត្រា របស់កងទ័ពជើងទឹកនៅសាំងពេទឺប៊ឺគ ត្រូវបានបែងចែកជាពីរផ្នែករួមមាន កប៉ាល់ ៤៥ គ្រឿង នាវាមុជទឹក និងនាវាផ្សេងទៀត បានចូលរួមក្នុងក្បួនដង្ហែនៅលើទឹក ខណៈដែលទាហានប្រហែល ៣០០០ នាក់បានចូលរួមក្នុងក្បួនដង្ហែជើងគោក។
ប្រមុខរដ្ឋ និងតំណាង រដ្ឋាភិបាលអាហ្រ្វិកមួយចំនួន បានធ្វើជាសាក្សីក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹកនៅសាំងពេទឺប៊ឺគ បន្ទាប់ពីបានចូលរួមក្នុង កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីពីរ ដែលបានធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែកក្កដា។
គួរបញ្ជាក់ថា ក្រៅពីទីក្រុងសាំងពេទឺប៊ឺគ ក៏មានទីក្រុងរបស់រុស្ស៊ីមួយចំនួនទៀតដូចជា Baltiysk, Vladivostok និងផ្សេងទៀតក៏បានប្រារព្ធពិធីដង្ហែរក្បួន ដើម្បីអបអរទិវាកងទ័ពជើងទឹកផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
