ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ស្នើអាមេរិក ទិញយន្ដហោះចម្បាំងធុន F-35 ចំនួន ២៥គ្រឿង បន្ថែមទៀត

យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំងបំបាំងកាយធុន F-35 ។

រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិតស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល។

សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​លើក​មុន ដែល​អ៊ីស្រាអែល​បាន​យល់​ព្រម​ទិញ​យន្តហោះ F-35 ចំនួន ២៥ គ្រឿង​ពី​សហរដ្ឋ​អាមេរិក ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​រួម​មាន​ការ​គាំទ្រ និង​ការ​ថែទាំ។

ក្រសួងប៉ាន់ប្រមាណថា តម្លៃនៃកិច្ចព្រមព្រៀងនេះគឺប្រហែល ៣ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល។

យន្តហោះចម្បាំង ៣គ្រឿងដំបូងនៃកងអនុសេនាធំថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសអ៊ីស្រាអែល នៅឆ្នាំ២០២៧។ នៅពេលបញ្ចប់កិច្ចព្រមព្រៀង កងនាវាទ័ពអាកាសអ៊ីស្រាអែល នឹងពង្រីកដល់យន្តហោះចម្បាំង F-35 ចំនួន ៧៥គ្រឿង។

អ៊ីស្រាអែលបានទទួលយន្តហោះ F-35 ដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៦ ដែលបានក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ា ដែលទទួលបានយន្តហោះទាំងនោះ៕

ប្រែសម្រួល ឈូល បូរ៉ា

Most Popular

To Top