ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជាក់ពីការវាយប្រហារ លើទីស្នាក់ការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី

រូបភាពពី៖​ AFP

គៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅគ្រីមៀកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយកទំនាក់ទំនងយុទ្ធសាស្ត្រនៃ AFU បានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ Telegram ថា “កងកម្លាំងការពារជាតិអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដោយជោគជ័យលើទីស្នាក់ការកណ្តាលនៃបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅក្នុងទីក្រុង Sevastopol ដែលកាន់កាប់ជាបណ្តោះអាសន្ន” ។

ប្រភពបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក។ នៅព្រឹកថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា អគារនៃទីបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅទីក្រុង Sevastopol ត្រូវបានខូចខាតក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន។

អភិបាលក្នុងតំបន់លោក Mikhail Razvozhayev បានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ Telegram ថា “សត្រូវបានវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការរបស់កងនាវា ដោយបំណែកមួយចំនួនបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top