ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ទទួលបានរថពាសដែក ប្រយុទ្ធ Abrams ពីសហរដ្ឋអាមេរិក

ប្រភព៖ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសរបស់លោកបានទទួលរថពាសដែកប្រយុទ្ធ Abrams របស់សហរដ្ឋអាមេរិក ។

លោក Zelensky បានថ្លែងនៅក្នុងសារដែលបានបង្ហោះ នៅលើបណ្តាញសង្គម Telegram ថា “រថពាសដែក Abrams បានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ ហើយកំពុងរៀបចំ ដើម្បីពង្រឹងកងពលតូចរបស់យើង ។ ខ្ញុំសូមដឹងគុណ ចំពោះសម្ព័ន្ធមិត្ត ដែលបានបំពេញតាមកិច្ចព្រមព្រៀង” ។

លោក Zelensky បានថ្លែងនៅក្នុងសារដែលបានបង្ហោះនៅលើបណ្តាញ Telegram ដោយមិនបានបញ្ជាក់ពីការកែប្រែដែលបានធ្វើឡើងចំពោះរថពាសដែក ឬបរិមាណពិតប្រាកដដែលត្រូវបានចែកចាយមកកាន់ប្រទេសអ៊ុយក្រែន នោះទេ ។

គួរបញ្ជាក់ថា កាលពីខែមករា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនពាសដែក Abrams ចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។

ដំណើរការដោយនាវិក ចំនួន៤នាក់ រថពាសដែក Abrams គឺជារថពាសដែកប្រយុទ្ធជំនាន់ទី៣ ដែលផលិតឡើង ដោយសហរដ្ឋអាមេរិក ដែលបរបានចម្ងាយ រហូតដល់៤២០គីឡូម៉ែត្រ ។

កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានប្រកាសកញ្ចប់ ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន រួមទាំងអាវុធការពារដែន អាកាសជាច្រើនទៀត ។ ការប្រកាសនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោក Zelensky នៅទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top