ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ជួបអគ្គលេខាធិការ NATO ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ និងការខិតកាន់តែជិតសិទ្ធរវាងអ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្ត

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការ NATO ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការ និងការខិតកាន់តែជិតរវាងប្រទេសអ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្ត ។
ក្រុមសេវាកម្មព័ត៌មានរបស់ប្រធានាធិបតី បានឲ្យដឹងថា មេដឹកនាំទាំង២បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើបញ្ហាការពារជាតិ ក្នុងនោះរាប់បញ្ចូលទាំងស្ថានភាពនៅលើសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន និងកងទ័ពអ៊ុយក្រែន ។
ការការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពីការវាយប្រហារដែលកើតមានឡើង និងការរំពឹងទុកនៃការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាសបន្ថែមដល់អ៊ុយក្រែន ដោយរដ្ឋសមាជិកនៃអង្គការ NATO គឺជាប្រធានបទដ៏សំខាន់មួយទៀតនៃ ការជួបចចារគ្នា ។

ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន លោក Zelensky បានពិព័ណ៌នាអំពីការជួបចចារគ្នា ខណៈដែល “ការសន្ទនាដ៏មានអត្ថន័យរវាងសម្ព័ន្ធមិត្តទាំងឡាយ” ។

លោក Zelensky បានថ្លែងថា “ពេលនេះវាមិនត្រឹមតែជាបញ្ហាតែមួយនោះទេ នៅមុនពេលដែលអ៊ុយក្រែន ក្លាយជាសមាជិកមួយនៃក្រុមសម្ព័ន្ធមិត្ត ។ យើងកំពុងធ្វើអ្វីៗដើម្បីធ្វើឲ្យវាកើតឡើងក្នុងពេលដ៏ខ្លីខាងមុខ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top