ព័ត៌មានអន្តរជាតិ

អង់គ្លេស​​ បើកមូលដ្ឋានវិទ្យាសាស្ត្រ សមុទ្រនៅលើកោះ Pitcairn ឲ្យអ្នកវិទ្យាសាស្ត្រ មកពីជុំវិញពិភពលោក ធ្វើការសិក្សា

ប្រភព៖ AFP

មូស្គូ៖ រដ្ឋាភិបាល អង់គ្លេស បាននិយាយ កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេស បានបើកមូលដ្ឋាន វិទ្យាសាស្ត្រសមុទ្រ នៅលើកោះ Pitcairn ដើម្បីអនុញ្ញាតឲ្យអ្នក វិទ្យាសាស្ត្រមកពីជុំវិញ ពិភពលោកសិក្សាអំពីជីវចម្រុះសមុទ្រ របស់ប្រទេសមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik ។

រដ្ឋាភិបាលបានបន្តថា អភិបាល នៃកោះ Pitcairn លោក Iona Thomas បានបើកជាផ្លូវការនូវមូលដ្ឋាន វិទ្យាសាស្ត្រសមុទ្រថ្មីដែលផ្តល់មូលនិធិ ដោយរដ្ឋាភិបាល ចក្រភពអង់គ្លេស ដោយផ្តល់វេទិកាសម្រាប់ អ្នកវិទ្យាសាស្ត្រ ដើម្បីទស្សនាតំបន់នេះ និងសិក្សាពីជម្រកសត្វសមុទ្រ តែមួយគត់របស់វា ។

កោះ Pitcairn ជាដែនដីនៅបរទេស របស់ចក្រភពអង់គ្លេស ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាតំបន់ការពារសមុទ្រ ដ៏ធំបំផុតទី៣នៅលើពិភពលោក ។ កោះនេះគឺជាជម្រករបស់ផ្កាថ្ម ដ៏ប្រណិតបំផុតរបស់ពិភពលោក ត្រីឆ្លាម ត្រីបាឡែន អណ្តើក Hawksbill និងប្រភេទសត្វជាច្រើនទៀត ដែលមិនធ្លាប់ឃើញនៅកន្លែងណាផ្សេងទៀត នៅលើភពផែនដី។
ប្រភេទសត្វ សមុទ្រជាង ១,២៥០ ប្រភេទត្រូវបានចុះបញ្ជី នៅក្នុងដែនទឹកជុំវិញកោះ Pitcairn ហើយ ការនេសាទ ពាណិជ្ជកម្ម មិនត្រូវបាន អនុញ្ញាត ក្នុងផ្ទៃទឹក ៣២៥ ,០៩៨ ម៉ាយការ៉េជុំវិញកោះនោះទេ ។

រដ្ឋាភិបាលចក្រភព អង់គ្លេសបាននិយាយថា មូលដ្ឋាននេះនឹងទទួលក្រុមអ្នក វិទ្យាសាស្ត្រដែលមកទស្សនា និងផ្តល់ឱ្យពួកគេនូវឧបករណ៍ ចាំបាច់ទាំងអស់ ។
លោក David Rutley សមាជិកសភា ចក្រភពអង់គ្លេស បាននិយាយថា ការសិក្សាអំពីមហាសមុទ្រអាចឲ្យមនុស្សម្នាក់ យល់កាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបំពុលដី និងការរិចរិលនៃទីជម្រក។ អភិបាលកោះ Pitcairns សង្ឃឹមថា មូលដ្ឋាននឹងទាក់ទាញអ្នកវិទ្យាសាស្ត្រ ជាបន្តបន្ទាប់និងជំរុញចំណេះដឹង សមុទ្ររបស់មនុស្ស៕
ដោយ៖លី ភីលីព

Most Popular

To Top