ចិន ៖ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្ម របស់ក្រសួងរតនាគារ សហរដ្ឋអាមេរិក ដែលបានដាក់លើអង្គភាព មួយចំនួន របស់ប្រទេសចិន ជាមួយនឹងអ្វី ដែលហៅថា លេសទាក់ទងនឹងរុស្ស៊ី យោងតាមការ ចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។
អ្នកនាំពាក្យបានបន្តថា ប្រទេសចិន បានកត់សម្គាល់ឃើញថា ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានដាក់អង្គភាពចិនមួយចំនួន នៅក្នុងបញ្ជីជាតិបានកំណត់ជា ពិសេសសម្រាប់ការចោទ ប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី ដែលប្រទេសចិន បានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការជំទាស់ និងដំណោះស្រាយ ចំពោះបញ្ហានេះ ។
ដោយកត់សម្គាល់វិធីសាស្រ្ត របស់សហរដ្ឋអាមេរិកថា ជាការដាក់ទណ្ឌកម្មឯកតោភាគីធម្មតា និងយុត្តាធិការអាវុធវែង អ្នកនាំពាក្យបាននិយាយថា ទង្វើបែបនេះធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងច្បាប់នៃពាណិជ្ជកម្មអន្តរជាតិ ហើយប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អាមេរិកគួរតែបញ្ឈប់ជាបន្ទាន់ នូវការគាបសង្កត់ដែលមិនសមហេតុផល របស់ខ្លួនចំពោះសហគ្រាសចិន។ ប្រទេសចិននឹងការពារ យ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន ៕