ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ តាមផ្លូវអាកាស សំដៅ​លើ​ទីតាំង​យោធា ក្បែរ​រដ្ឋធានី​ស៊ីរី

រូបភាពពី៖​ AFP

ដាម៉ាស់៖ យោងតាមអ្នកឃ្លាំមើលសង្គ្រាមបានឱ្យដឹងថា ការបំផ្ទុះចំនួន ៣លើកបានកើតឡើងនៅទូទាំងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ ដែលទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើទីតាំងយោធា នៅក្បែរនោះ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើចម្ការ Aqraba នៅតំបន់ជនបទនៃទីក្រុងដាម៉ាស់ ដែលជាកន្លែងមូលដ្ឋានទ័ពអាកាសយោធាស្ថិតនៅចម្ងាយត្រឹមតែ ១េ គីឡូម៉ែត្រភាគខាងលិចនៃអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងដាម៉ាស់។

ក្រុមសង្កេតការណ៍បានបន្ថែមថា ការវាយប្រហារក៏បានវាយប្រហារស្ថានីយរ៉ាដាមួយ ភាគនិរតីនៃទីក្រុងដាម៉ាស់ ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា ការការពារដែនអាកាសស៊ីរី ត្រូវបានបង្កឡើង និងបានប៉ុនប៉ងរារាំងការវាយប្រហាររបស់អ៊ីស្រាអែល។

នៅពេលដែលព័ត៌មានលម្អិតកាន់តែលេចចេញមក វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានឲ្យដឆងថា ការផ្ទុះត្រូវបានគេឮនៅភាគខាងត្បូងទីក្រុងដាម៉ាស់ និងនៅក្នុងខេត្ត Sweida ភាគខាងត្បូង ដោយកត់សម្គាល់ថា មូលហេតុនៃការផ្ទុះនេះមិនទាន់ដឹងនៅឡើយទេ។

ក្រុមសង្កេតការណ៍បានឲ្យដឹងថា អ៊ីស្រាអែល បានបង្កើនការវាយប្រហារលើដី និងផ្លូវអាកាសរបស់ខ្លួនទៅលើប្រទេសស៊ីរីយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top