ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េខាងត្បូង នឹងបង្កើតបណ្តាញ ផ្គត់ផ្គង់អ៊ីដ្រូសែន និងអាម៉ូញាក់រួមគ្នា

Kyodo

តូក្យូ ៖ សារព័ត៌មាន Nikkei បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង នឹងបង្កើតបណ្តាញផ្គត់ផ្គង់រួមគ្នា សម្រាប់ឥន្ធនៈអព្យាក្រឹតកាបូន ដូចជាអ៊ីដ្រូសែន និងអាម៉ូញាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

កាសែតបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងប្រកាសអំពីក្របខណ្ឌនៅថ្ងៃទី ១៧ ខែវិច្ឆិកានៅសហរដ្ឋអាមេរិក ដែលលោកទំាង ២នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។
Nikkei បាននិយាយថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ទាំងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល គ្រោងនឹងធ្វើការរួមគ្នា ដើម្បីចរចាតម្លៃ និងបរិមាណ ហើយស្ថាប័នហិរញ្ញវត្ថុដែលគាំទ្រដោយរដ្ឋនឹងជួយក្រុមហ៊ុនក្នុងការប្រមូលមូលនិធិសម្រាប់គម្រោងអ៊ីដ្រូសែន និងអាម៉ូញាក់ នៅខាងក្រៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីក្រសួងពាណិជ្ជកម្មជប៉ុនទេ ។ លោកKishida របស់ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងខែកក្កដា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលបៃតង និងថាមពលកកើតឡើងវិញ រួមទាំងការផ្គត់ផ្គង់អ៊ីដ្រូសែន និងអាម៉ូញាក់ ដែលជប៉ុនចង់ដើរតួនាទី កាន់តែធំនៅក្នុងល្បាយ ថាមពលរបស់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល៕
ដោយ៖លី ភីលីព

Most Popular

To Top