ព័ត៌មានអន្តរជាតិ

ប្រទេស នេប៉ាល់ ហាមឃាត់ TikTok បន្ទាប់ពីកម្មវិធីរំខាន ដល់សុខដុមរមនាសង្គម

xinhua

នេប៉ាល់ ៖ រដ្ឋាភិបាល នៃប្រទេសនេប៉ាល់ បានសម្រេចចិត្តហាមឃាត់ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គមដ៏ពេញនិយម TikTok របស់ប្រទេសចិន ដោយនិយាយថា កម្មវិធីនេះបាន កំពុងរំខានដល់ សុខុមាលភាពសង្គមក្នុងប្រទេសរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយរដ្ឋមន្ត្រីការបរទេស Narayan Prakash Saud បាននិយាយថា កម្មវិធីនឹងត្រូវបានហាមឃាត់ភ្លាមៗ ។ លោក Saud បានបន្តថា រដ្ឋាភិបាល បានសម្រេចចិត្ត ហាមឃាត់ TikTok ដោយសារវាចាំបាច់ ដើម្បីគ្រប់គ្រងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលរំខានដល់ភាពសុខដុមរមនាក្នុងសង្គម សុច្ឆន្ទៈ និងលំហូរនៃសម្ភារៈមិនសមរម្យ ។

លោកបន្ថែមថា ដើម្បីធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គម មានគណនេយ្យភាព រដ្ឋាភិបាលបានស្នើឲ្យក្រុម ហ៊ុនចុះបញ្ជី និងបើកការិយាល័យ ទំនាក់ទំនងក្នុងប្រទេសនេប៉ាល់ បង់ពន្ធ និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិ របស់ប្រទេស។ វាមិនច្បាស់ទេថា អ្វីដែលបណ្តាល ឲ្យមានការហាមឃាត់ ឬប្រសិនបើ TikTok បានបដិសេធមិនអនុវត្ត តាមសំណើរបស់ប្រទេសនេប៉ាល់។ ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីម៉ែល ស្វែងរកការអត្ថាធិប្បាយ ទេ ។

TikTok ជាកម្មសិទ្ធិរបស់ ByteDance របស់ប្រទេសចិន បានប្រឈមមុខនឹងការត្រួតពិនិត្យ ក្នុងប្រទេសមួយចំនួន ដោយសារតែមានការព្រួយ បារម្ភថាទីក្រុងប៉េកាំង អាចប្រើប្រាស់កម្មវិធី ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន ។
ប្រទេសនានារួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនូវែល សេឡង់ បានហាមឃាត់កម្មវិធីនៅលើទូរស័ព្ទ របស់រដ្ឋាភិបាល បើទោះបីជា TikTok បដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនធ្លាប់ចែករំលែកទិន្នន័យ ជាមួយរដ្ឋាភិបាលចិន ហើយនឹងមិនធ្វើដូច្នេះទេ ប្រសិនបើមានការសួរ៕
ដោយ៖លី ភីលីព

Most Popular

To Top