ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បន្តវាយប្រហារ ទៅលើតំបន់ហ្គាហ្សា គិតចាប់ពីមានកិច្ចព្រមព្រៀង ឈប់បាញ់គ្នាចូលជាធរមាន

AFP

យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានបន្តការវាយប្រហារ របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចាប់តាំងពីកិច្ចព្រមព្រៀង ឈប់បាញ់ បានឈាន ដល់រវាងប្រទេសនេះ និងក្រុមចលនាហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា មិនដូចអ្វីដែលជាការរំពឹងទុកនឹង ចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់បណ្តោះអាសន្នរយៈពេល៤ថ្ងៃនៅតំបន់ហ្គាហ្សា សម្រាប់ការដោះដូរ ចំណាប់ខ្មាំង យ៉ាងហោចណាស់ ៥០នាក់ ដែលត្រូវបានចាប់ពង្រត់ នៅតំបន់ហ្គាហ្សា និងអ្នកឃុំឃាំងខ្លួនជនជាតិប៉ាឡេស្ទីន ប្រហែល១៥០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេស អ៊ីស្រាអ៊ែល ក៏ដូចជាជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីចូលទៅក្នុងក្របខណ្ឌ ប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាម ត្រូវបានព្រមព្រៀងជាដំបូង ។ ដោយភាគីជម្លោះទាំង២កាលពីថ្ងៃពុធ ហើយគ្រោងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសមួយ កាលពីល្ងាចថ្ងៃពុធ នាយកក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានលើកឡើងថា កិច្ចព្រមព្រៀងសម្របសម្រួលដោយប្រទេសកាតា ត្រូវបានពន្យារពេល ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអ៊ែល កំពុងបន្តពេញមួយយប់នៅតំបន់ហ្គាហ្សា ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល បានរាយការណ៍នៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានបន្តនៅក្នុងតំបន់ Jabalia និង Beit Hanoun ដែលស្ថិតនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយបានបន្ថែមថា ទីតាំងជាង៣០០ត្រូវបានវាយប្រហារក្នុងរយៈពេល១ថ្ងៃកន្លងមកនេះ ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានប្រកាសកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ខ្លួននាយកមន្ទីរពេទ្យ Al-Shifa ដ៏ធំបំផុតនៅតំបន់ហ្គាហ្សា គឺ លោក Mohammed Abu Selmeia ដោយបានចោទប្រកាន់គាត់ថា បានអនុញ្ញាតឱ្យក្រុមហាម៉ាស់ កេងចំណេញមន្ទីរពេទ្យជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top