បរទេស៖ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនចិនដែលខ្លួនអះអាងថាកំពុងគាំទ្រដល់ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការរឹតបន្តឹងនេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជុំទី១៣ នៅថ្ងៃសុក្រមួយថ្ងៃមុនខួប២ឆ្នាំ នៃប្រតិបត្តិការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមការចេញផ្សាយបានឱ្យដឹងថា អង្គភាពថ្មីសរុបចំនួន ២៧ ដែលត្រូវបានចោទប្រកាន់ថា ផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យយោធា និងឧស្សាហកម្មរបស់រុស្ស៊ី ត្រូវបានគេកំណត់គោលដៅ។ ឯកសារនេះបានបញ្ជាក់ថា អង្គភាពទាំងនេះស្ថិតនៅក្នុងប្រទេសរួមមានប្រទេសចិន ឥណ្ឌា ស្រីលង្កា ស៊ែប៊ី កាហ្សាក់ស្ថាន ថៃ និង ប្រទេសតួកគី ហើយបានចូលរួមក្នុងការបញ្ចៀសការរឹតបន្តឹងផ្នែកពាណិជ្ជកម្ម។
អង្គភាពនេះនឹងត្រូវទទួលរងនូវការត្រួតពិនិត្យការនាំចេញកាន់តែតឹងរ៉ឹងសម្រាប់ទំនិញប្រើប្រាស់ចំនួនពីរ និងបច្ចេកវិទ្យា ដែលអាចជួយដល់វិស័យការពារជាតិ និងសន្តិសុខរបស់រុស្ស៊ី។
សហរដ្ឋអាមេរិក និងអឺរ៉ុបបានចោទប្រកាន់ទៅលើប្រទេសចិនម្តងហើយម្តងទៀតថា បានជួយក្រុងម៉ូស្គូឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយផ្គត់ផ្គង់រុស្ស៊ីជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗ និងជំនួយដែលមិនបង្កគ្រោះថ្នាក់ ដូចជាមួកសុវត្ថិភាព និងអាវក្រោះ៕ ប្រែសម្រួលៈ ណៃ តុលា