ព័ត៌មានអន្តរជាតិ

អ្នកជំនាញអវកាស នៅហ្វាំងឡង់ អះអាងថា ផ្កាយរណបចារកម្ម របស់កូរ៉េខាងជើង “នៅមានសកម្មភាព” ក្រោយផ្លាស់ប្តូរគន្លងរបស់វា

រូបភាពពី៖​ AFP

សេអ៊ូល៖ អ្នកជំនាញអវកាសដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បានអះអាងកាលពីថ្ងៃអង្គារថា ផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង “នៅមានសកម្មភាព” បន្ទាប់ពីបានរកឃើញការផ្លាស់ប្តូរក្នុងគន្លងរបស់វា ដែលបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងគ្រប់គ្រងយានអវកាសដោយជោគជ័យ ទោះបីជាសមត្ថភាពរបស់វានៅមិនទាន់ដឹងច្បាស់ក៏ដោយ ។

ក្រោយពីការបរាជ័យចំនួន២លើក កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណប Malligyong-1 ដោយជោគជ័យនៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានថតរូបទីតាំងយោធា និងនយោបាយដ៏រសើបក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ប៉ុន្តែមិនបានបញ្ចេញរូបភាពណាមួយឡើយ ។ អ្នកតាមដានវិទ្យុឯករាជ្យមិនបានរកឃើញសញ្ញាពីផ្កាយរណបនេះទេ ។

លោក Marco Langbroek អ្នកជំនាញផ្កាយរណបនៅសាកលវិទ្យាល័យ Delft University of Technology ក្នុងប្រទេសហូឡង់ បានសរសេរថា “ប៉ុន្តែឥឡូវនេះ យើងពិតជាអាចនិយាយបានថា ផ្កាយរណបនេះនៅមានសកម្មភាព” ។

លោក Langbroek បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ផ្កាយរណបបានធ្វើសមយុទ្ធដើម្បីលើកកម្ពស់របស់វា ឬចំណុចទាបបំផុតក្នុងគន្លងរបស់វា ពី៤៨៨គីឡូម៉ែត្រដល់៤៩៧គីឡូម៉ែត្រ ដោយដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលប្រតិបត្តិការអវកាសរួមបញ្ចូលគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ។

លោកបានបញ្ជាក់ថា “សមយុទ្ធនេះបង្ហាញថា ផ្កាយរណប Malligyong-1 មិនទាន់បាត់សកម្មភាពនោះទេ ហើយកូរ៉េខាងជើងបានគ្រប់គ្រងលើផ្កាយរណប ដែលជាអ្វីដែលមានជម្លោះកើតឡើង” ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនក៏បានវាយតម្លៃថា ផ្កាយរណបស្ថិតនៅគន្លងតារាវិថី ប៉ុន្តែបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើការវិភាគបែបបុគ្គលនោះទេ ។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ លោក Shin Won-sik បានលើកឡើងថា ផ្កាយរណបមិនបង្ហាញសញ្ញាណាមួយនៃការអនុវត្តការងារផ្សេងទៀត ឬចូលរួមក្នុងការឈ្លបយកការណ៍ឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top