ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាស់តឿនអាមេរិក កុំឱ្យជាប់អន្ទាក់ របស់អ៊ីស្រាអែល

AFP

បរទេស៖ ជំនួយការប្រធានាធិបតី អ៊ីរ៉ង់ លោក Mohammad Jamshidi បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់បានដាស់តឿនសហរដ្ឋអាមេរិកឱ្យ “នៅឱ្យឆ្ងាយ” ពីការប៉ះទង្គិច ដែលអាចកើតមានរវាងខ្លួន និងអ៊ីស្រាអែល ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានព្រមានក្រុងតេអេរ៉ង់ ប្រឆាំងនឹងការផ្តោតគោលដៅ លើមូលដ្ឋានរបស់អាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Jamshidi បានសរសេរនៅលើ X (ពីមុន។ Twitter) ថា “នៅក្នុងសារជាលាយលក្ខណ៍អក្សរ សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ដាស់តឿនថ្នាក់ដឹកនាំអាមេរិកកុំឱ្យជាប់អន្ទាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ៖ នៅឱ្យឆ្ងាយ ដើម្បីកុំឱ្យអ្នកឈឺចាប់” ។

លោក​បាន​បន្ថែម​ថា​៖ «​ជា​ការ​ឆ្លើយ​តប អាមេរិក​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់ ​មិន​ត្រូវកំណត់​គោលដៅ ​លើ​គ្រឿង​បរិក្ខារ​របស់​អាមេរិក​ឡើយ»។

អ៊ីរ៉ង់បានចោទប្រកាន់កង កម្លាំងការពារអ៊ីស្រាអែល (IDF) ថា បានធ្វើការវាយប្រហារ តាមអាកាសលើស្ថានកុងស៊ុល របស់ខ្លួនក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មន្ត្រីចំនួន៧នាក់ របស់កងឆ្មាំបដិវត្តន៍ អ៊ីស្លាមវរជន (IRGC) Quds Force រួមទាំងឧត្តមសេនីយ៍ពីរនាក់ ផងដែរ។ ខណៈពេលដែល IDF បានអនុវត្តតាមគោលនយោបាយធម្មតា របស់ខ្លួន ដែលមិនបញ្ជាក់ ឬបដិសេធប្រតិបត្តិការលើដីបរទេស រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានសន្មត់ការទទួលខុស ត្រូវនៅពេលគាត់បាននិយាយ កាលពីថ្ងៃពុធថា អ៊ីស្រាអែល “វាយប្រហារសត្រូវ របស់យើងនៅទូទាំងមជ្ឈិមបូព៌ា” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top