ព័ត៌មានអន្តរជាតិ

បុរសជនជាតិ វៀតណាមម្នាក់ ប្រើមេរោគលួច ចូលគណនី Facebookចំនួន ២៥,០០០គណនី

VN Express

គណនី ៖ ប៉ូលិសនៅភាគខាងជើង ប្រទេសវៀតណាម បានចាប់ខ្លួនបុរសម្នាក់ ដែលប្រើប្រាស់មេរោគ ដើម្បីលួចព័ត៌មាន និងគ្រប់គ្រងគណនី Facebook ចំនួន ២៥,០០០ ទាំងក្នុងស្រុក និងក្រៅស្រុកដោយទទួល បានប្រាក់ចំណេញចំនួន ៩០ ពាន់លានដុង ស្មើនឹង ៣.៨ លានដុល្លារអាមេរិក ។

លោក Dang Dinh Son អាយុ ៣១ ឆ្នាំ អ្នកស្រុកក្នុងខេត្ត Nam Dinh កំពុងត្រូវបានស៊ើបអង្កេត ពីបទផលិត ទិញ លក់ ផ្លាស់ប្តូរ ឬអំណោយ ឧបករណ៍កម្មវិធី សម្រាប់គោលបំណង ខុសច្បាប់ ក៏ដូចជាការចូលប្រើប្រាស់បណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក របស់អ្នកដទៃ ។

ប៉ូលីសបាននិយាយ កាលពីថ្ងៃច័ន្ទថា លើសពីនេះ ១៩ នាក់ផ្សេងទៀត ដែលធ្វើការឲ្យលោក Son កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការចោទ ប្រកាន់ស្រដៀងគ្នានេះ ។ មុននេះ នាយកដ្ឋានសន្តិសុខ តាមអ៊ីនធើណេត និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ក្រោមក្រសួងសន្តិសុខសាធារណៈ សហការជាមួយប៉ូលីស Nam Dinh បានចាប់ផ្តើមក្រុមឈ្លបយកការណ៍ចំនួន ៨ នៅទីក្រុងហូជីមិញ ហាណូយ និងណាមឌិញ ដោយចាប់ខ្លួនសមាជិក ក្រុមចំនួន ២២ នាក់ ពាក់ព័ន្ធនឹងការផលិត និងការរីករាលដាលមេរោគ តាមអ៊ីនធើណេត ដើម្បីលួចចូលគណនីអ្នកប្រើប្រាស់ និងទិន្នន័យក្នុងប្រទេស វៀតណាម និងទូទាំងពិភពលោក ។

យោងតាមប៉ូលីស បានឲ្យដឹងថា លោក Son បានទិញប្រភពមេរោគដែលមានមុខងារលួចព័ត៌មានគណនីអ្នកប្រើប្រាស់ Facebook នៅលើវេទិកាមួយក្នុងតម្លៃ ៣០ លានដុង។ បន្ទាប់មក Son បានប្រើមេរោគនេះដើម្បីគ្រប់គ្រងទំព័រអ្នកគាំទ្រចំនួន២ គឺ “Art Bay AI” និង “Evoto Studio” ហើយបានបង្ហោះអត្ថបទក្លែងក្លាយអំពីការបង្កើតរូបភាពដ៏ស្រស់ស្អាតដោយប្រើ AI ឬ ChatGPT ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឲ្យទាញយក និងដំឡើងមេរោគនៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់ពួកគេ។

នៅពេលដំឡើងរួច មេរោគបានជ្រៀតចូលឧបករណ៍ របស់អ្នកប្រើប្រាស់ ប្រមូលព័ត៌មាន និងបញ្ជូនវាត្រឡប់ទៅម៉ាស៊ីនមេគ្រប់គ្រងដោយលោក Son។ ជាមួយនឹងព័ត៌មានប្រមូលបានតាមរយៈមេរោគ លោក Son បានបញ្ជាឲ្យម៉ាស៊ីនមេចែកចាយទិន្នន័យត្រូវបានលួចទៅក្រុមចំនួន ៥ នៅលើកម្មវិធី Telegram សម្រាប់សមាជិកក្រុមរបស់លោក ដើម្បីលួចគណនីអ្នកប្រើប្រាស់។
គណនី Facebook មានតម្លៃខ្ពស់ត្រូវបានក្រុមលោក Son លក់យកចំណេញ។ គណនីផ្សេងទៀត ដែលមានតម្លៃតិចជាងត្រូវបានប្រើ ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្ម សម្រាប់ការលក់សម្លៀកបំពាក់ និងរបស់របរផ្សេងទៀត នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ។

ដោយប្រើយុទ្ធសាស្ត្រ ទាំងនេះ ក្រុមរបស់ Son បានគ្រប់គ្រងដើម្បីប្លន់គណនីអាជីវកម្មដែលមានតម្លៃខ្ពស់ចំនួន ២៥,០០០ នៅលើ Facebook ដែលជាកម្មសិទ្ធិ របស់បុគ្គល និងអាជីវកម្មនៅប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត ដោយទទួលបានប្រាក់ចំណេញ ៩០ ពាន់លានដុងនឹង ៣.៨ លានដុល្លារអាមេរិក៕
ដោយ៖លី ភីលីព

Most Popular

To Top