ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដានេះថា លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ហៅកាត់ថា (CPV) បានទទួលមរណភាពកាលពីថ្ងៃសុក្រ ក្នុងជន្មាយុ ៨០ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា គណៈអចិន្ត្រៃយ៍បានឲ្យដឹងថា បន្ទាប់ពីមានជំងឺមួយរយៈ បើទោះបីជា “ព្យាបាលនិងថែទាំអស់ពីចិត្តប៉ុណ្ណាក៏ដោយ” មេដឹកនាំគណបក្សបានទទួលមរណភាព ដោយសារជំងឺជរា និងជំងឺធ្ងន់ធ្ងរ នៅវេលាម៉ោង១និង៣៨នាទីរសៀល ត្រូវនឹងម៉ោង៦និង៣៨នាទីម៉ោងសកល នៅមន្ទីរពេទ្យយោធាកណ្តាល 108 ក្នុងទីក្រុងហាណូយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ពិធីបុណ្យសពផ្លូវរដ្ឋនឹងត្រូវធ្វើឡើងសម្រាប់លោក ទ្រុង ជាមួយនឹងព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅពេលក្រោយ ។
គេហទំព័រវៀតណាមត្រូវបានប្តូរពណ៌ទៅជាសខ្មៅ ខណៈដែលប្រទេសនេះកាន់ទុក្ខចំពោះការទទួលមរណភាពរបស់លោក ទ្រុង។ ប្រជាជនវៀតណាមបានបង្ហោះមតិតាមអ៊ីនធើរណេតដើម្បីសម្តែងការចូលរួមរំលែកទុក្ខ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPV បានរៀបចំពិធីមួយនៅមន្ទីរពេទ្យយោធាមជ្ឈិម 108 និងបានប្រគល់សញ្ញាផ្កាយមាសជូនលោក ទ្រុង ដោយលើកឡើងថា វាជា “ការទទួលស្គាល់របស់បក្ស រដ្ឋ និងប្រជាជនចំពោះការរួមចំណែកដ៏អស្ចារ្យ និងពិសេសរបស់គាត់ចំពោះ បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ” ។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកទាំងអស់នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPV លេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាល CPV និងក្រុមគ្រួសាររបស់លោក ទ្រុង ផងដែរ។
នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍មកថា ដោយសារតែតម្រូវការរបស់លោក ទ្រុងផ្តោតលើការទទួលការព្យាបាលសុខភាព លោក To Lam សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPV និងជាប្រធានវៀតណាម បានទទួលបន្ទុកត្រួតពិនិត្យការងាររបស់គណៈកម្មាធិការមជ្ឈិម CPV ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPV និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាល CPV ជំនួសបណ្តោះអាសន្ន។
លោក ទ្រុង កើតនៅឆ្នាំ១៩៤៤ នៅស្រុក ដុង អាញ់ (Dong Anh) ទីក្រុងហាណូយ ជាសាស្រ្តាចារ្យ និងបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនយោបាយ។ លោកជាសមាជិកនៃគណៈកម្មាធិការមជ្ឈិម CPV ទី៧ ដល់ទី១៣ ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPV ទី៨ ដល់ទី១៣ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPV ទី១១ ដល់ទី១៣ និងជាអនុប្រធាននៃរដ្ឋសភាវៀតណាមទី១១ ដល់ទី១៥។
ចាប់គិតពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៦ លោក ទ្រុង បានបម្រើការងារជាអនុប្រធាន និងជាប្រធាននាយកដ្ឋានកសាងបក្សនៃទស្សនាវដ្ដី “ពិនិត្យកុម្មុយនិស្ត”និងជាសមាជិក អគ្គនិពន្ធនាយករង និងជានិពន្ធនាយកនៃក្រុមប្រឹក្សាកែសម្រួលទស្សនាវដ្តី ផងដែរ។
គិតចាប់ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក ទ្រុង ទទួលបន្ទុកលើការងារមនោគមវិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់ CPV ។
នៅចន្លោះខែមីនាឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ ក្នុងឋានៈជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីកណ្តាល លោក ទ្រុង ទទួលបន្ទុកលើការងារទ្រឹស្តីរបស់ CPV ។
ក្រោយមកទៀត លោកបានធ្វើជាប្រធានរដ្ឋសភាពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១។
គិតចាប់តាំងពីខែមករា ឆ្នាំ២០០១១ លោក ទ្រុង បានបម្រើការជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPV និងជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិម។ លោកក៏ធ្លាប់ធ្វើជាប្រធានាធិបតីវៀតណាមចាប់ពីខែតុលា ឆ្នាំ២០១៨ រហូតដល់ខែមេសា ឆ្នាំ២០២១ ទៀតផង៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា