ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសហាមឃាត់ប្រធានក្រុមហ៊ុន ផលិតរថយន្ត Toyota និង Viber មិនឲ្យចូលប្រទេសរបស់ខ្លួន

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសជាផ្លូវការថា ប្រទេសរុស្ស៊ីបានហាមឃាត់ពលរដ្ឋជប៉ុនចំនួន ១៣នាក់
មិនឲ្យចូលប្រទេសរបស់ខ្លួន រួមទាំងប្រធានក្រុមហ៊ុន Toyota និង Viber ផងដែរចំពោះចំណាត់ការនេះធ្វើឡើង
ជាការសងសឹកនៃការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូប្រឆាំងនឹងទីក្រុងមូស្គូ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ RT។

បញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសរុស្ស៊ី រួមមានប្រធានក្រុមហ៊ុន Toyota
លោក Akio Toyoda នាយកប្រតិបត្តិក្រុមហ៊ុន Viber Rakuten Group លោក Hiroshi Mikitani
និងប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនលោក Akihiko Tanaka ក្នុងចំណោមនាយកប្រតិបត្តិអាជីវកម្មដប់នាក់ផ្សេងទៀត។

ចំណាត់ការនេះត្រូវបានបដិសេធដោយលោក Yoshimasa Hayashi ប្រធានលេខាធិការ
ខុទ្ទកាល័យរបស់ប្រទេសជប៉ុនដែលបានអះអាងថា ការហាមឃាត់នេះជាការកំណត់សកម្មភាព
ស្របច្បាប់របស់ក្រុមហ៊ុនជប៉ុនៅប្រទេសរុស្ស៊ី ហើយលោកពិតជាមិនអាចទទួលយកបាន។
លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាជាមួយរុស្ស៊ីជុំវិញជំហាននេះ។

ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មជាច្រើនលើទីក្រុងមូស្គូចាប់តាំងពីការកើនឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ ២០២២ ។ វិធានការនេះកំណត់គោលដៅនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ និងរថយន្ត ក៏ដូចជាការនាំចូលថាមពល។ សរុបមក ទណ្ឌកម្មរបស់ទីក្រុងតូក្យូត្រូវបាន គេប៉ាន់ប្រមាណថាបានប៉ះពាល់ដល់មនុស្សជាង ១,០០០ នាក់ និងអង្គភាពជាង ១៥០ មកពីប្រទេសរុស្ស៊ី។

ទីក្រុងតូក្យូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន កាលពីខែមិថុនា ដោយសន្យាផ្តល់ជំនួយចំនួន ៤.៥ ពាន់លានដុល្លារសម្រាប់ទីក្រុងគីវនៅឆ្នាំនេះ។ ប្រទេសជប៉ុន បានបន្តថា ខ្លួននឹងផ្គត់ផ្គង់ទីក្រុង Kiev នូវឧបករណ៍ជាច្រើន និងផ្តល់ជំនួយក្នុងការព្យាបាលជនជាតិអ៊ុយក្រែនដែលរងរបួស៕

Most Popular

To Top