ព័ត៌មានអន្តរជាតិ

ក្មេងស្រី ២នាក់បានស្លាប់លើដំបូង ដោយឆ្លងវីរុសដ៏កម្រ Oropouche នៅប្រទេសប្រេស៊ីល

ប្រេស៊ីល៖ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថា ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ដំបូងគេបង្អស់ នៅលើពិភពលោក ដោយសារវីរុស Oropouche បន្ទាប់ពីស្ត្រី ២ នាក់បានស្លាប់ដោយសារជំងឺឆ្លងពីសត្វរុយ និងសត្វមូសខាំយោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ជំងឺគ្រុនក្តៅ Oropouche ត្រូវបានគេដាក់ឈ្មោះតាមតំបន់ Trinidad និង Tobago ដែលវាត្រូវបានគេរកឃើញដំបូង គឺជាការឆ្លងមេរោគត្រូពិចដោយចម្លងពីឈាមរបស់សត្វរុយទៅមនុស្ស និងសត្វមូសដែលឆ្លងមេរោគ។ ចាប់តាំងពីជំងឺនេះត្រូវបានរកឃើញនៅឆ្នាំ១៩៥៤ ករណីត្រូវបានរាយការណ៍នៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង ជាពិសេសក្នុងតំបន់ជុំវិញព្រៃអាម៉ាហ្សូន។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលបាននិយាយថា ជនរងគ្រោះ ២នាក់មកពីរដ្ឋ Bahia ភាគឦសាន មានអាយុក្រោម ៣០ឆ្នាំ មិនមានជំងឺអ្វីទេ ប៉ុន្តែមានរោគសញ្ញា ស្រដៀងនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ក្រសួងបានបន្តថា ខ្លួនបានកត់ត្រាករណីឆ្លងមេរោគ Oropouche មានចំនួន ៧,៣២៦ ករណីក្នុងឆ្នាំ២០២៤ ដោយបន្ថែមថា ជំងឺនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសប្រេស៊ីលកាលពីឆ្នាំ ១៩៦០។ ករណីភាគច្រើនបានរកឃើញនៅរដ្ឋ Amazonas និង Rondonia ។

អាជ្ញាធរសុខាភិបាលប្រេស៊ីលបច្ចុប្បន្នកំពុងស៊ើបអង្កេតការស្លាប់ដែលសង្ស័យមួយទៀត ដោយសារជំងឺគ្រុនក្តៅ Oropoucheនៅរដ្ឋ Santa Catarina ភាគខាងត្បូង ព្រមទាំងករណីអាចកើតមានចំនួនប្រាំមួយនៃការចម្លងវីរុសពីម្តាយទៅកូន ដែលនាំឲ្យទារកស្លាប់ ២នាក់៕

Most Popular

To Top