ព័ត៌មានអន្តរជាតិ

ចិន បដិសេធ​ការ​ចោទ​ប្រកាន់ ​របស់​ហ្វីលីពីន និងអាល្លឺម៉ង់ ជុំវិញ​បញ្ហា សមុទ្រ​ចិន​ខាង​ត្បូង

Xinhua

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោកស្រី ម៉ៅ នីង បានឲ្យដឹងថា បុគ្គលក្នុងប្រទេសហ្វីលីពីន គួរតែបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើចិន ជុំវិញបញ្ហា សមុទ្រចិនខាងត្បូង ហើយប្រទេសក្រៅតំបន់ ត្រូវបានគេសង្ឃឹមថា នឹងធ្វើអ្វីៗដែលអំណោយ ផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើតាមក្រសួងការ បរទេសចិន។ 

ការកត់សម្គាល់របស់លោកស្រី ម៉ៅ បានធ្វើឡើង បន្ទាប់ពីហ្វីលីពីន និងអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យបានសន្យា ចុះហត្ថលេខាលើការ រៀបចំកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិនៅឆ្នាំនេះ ដោយប្តេជ្ញាថានឹងរក្សាសណ្តាប់ ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ លើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។

ដោយកត់សម្គាល់អធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺស្របនឹងច្បាប់អន្តរជាតិពាក់ព័ន្ធ និងការអនុវត្តនោះ លោកស្រីបានឲ្យដឹងថា វាគឺជាហ្វីលីពីន មិនមែនចិននោះទេ ដែលបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។

លោកស្រីបានលើកឡើងថា “បុគ្គលនៅក្នុងប្រទេសហ្វីលីពីន គួរតែកែតម្រូវការយល់ដឹងខុសរបស់ពួកគេ និងបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរូបនេះបានបន្ដថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង មិនដែលមានបញ្ហានោះទេ ដោយបន្ថែមថា វាគ្មានន័យទេក្នុងការប្រឌិត ការនិទានរឿង ដោយផ្អែកលើសំណើមិនពិតនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top