បាងកក៖ នៅថ្ងៃទី១៨ ខែសីហានេះ អគ្គលេខាធិការ សភាតំណាងរាស្រ្តថៃ លោកស្រី Arpath Sukhanunth បានប្រកាស នៅថ្ងៃអាទិត្យនេះថា ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានប្រកាសតែងតាំង លោកស្រី Paetongtarn Shinawatra ឲ្យធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ ។
នៅក្នុងពិធីដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យនេះនៅឯទីស្នាក់ការគណបក្សភឿថៃ លោកស្រី Arpath បានចេញ ព្រះរាជបញ្ជាដោយបញ្ជាក់ថា លោកស្រី Paetongtarn ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី ខណៈលោកស្រីទទួល បានការគាំទ្រ ភាគច្រើននៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១៦ ខែសីហានេះ ។
ការអនុម័តរបស់ព្រះមហាក្សត្រ បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រី ខណៈដែលស្ត្រីវ័យ៣៧ឆ្នាំរូបនេះ បានចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីស្ត្រីទី២ និងក្មេងជាងគេនៅក្នុង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
នៅក្នុងសុន្ទរកថាផ្លូវការលើកដំបូង របស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្រី Paetongtarn បានថ្លែងថា លោកស្រីនឹងសហការ ជាមួយស្ថាប័ននីតិប្បញ្ញត្តិក្នុងអំឡុង ពេល៣ឆ្នាំដែលនៅសល់នៃអាណត្តិសភា និងបង្កើតកន្លែង សម្រាប់ស្តាប់រាល់មតិនានា ជាមួយនឹងគោលដៅ ជំរុញប្រទេសថៃឡង់ដ៏ ឆ្ពោះទៅមុខជាមួយ នឹងការប្តេជ្ញាចិត្ត មិនផ្លាស់ប្តូរឡើយ ។
លោកស្រី Paetongtarn បានថ្លែងតាមកញ្ចក់ ទូរទស្សន៍ជាតិថា “ក្តីសង្ឃឹមរបស់ខ្ញុំ គឺធ្វើឱ្យមានភាពសុខដុមរមនា នូវភាពរឹងមាំនៃគ្រប់ជំនាន់ ដោយបង្រួបបង្រួមបុគ្គលមកពីគ្រប់ទិសទីនៃប្រទេសថៃឡង់ដ៏ មិនថា ពួកគេបម្រើក្នុងរដ្ឋាភិបាល ជាសមាជិកនៃគណបក្សនយោបាយ ធ្វើការក្នុងវិស័យឯកជន ឬជាបងប្អូនជនរួមជាតិក៏ដោយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា