ព័ត៌មានអន្តរជាតិ

Update៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្ស ប្រទានការលើកលែង ទោស ឲ្យមុនកាលកំណត់

Xinhua

បាងកក៖ លោក Winyat Chatmontree ដែលជាមេធាវី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានព្រះមហាក្សត្រ ប្រទានការលើកលែងទោសឲ្យ ដើម្បីបញ្ចប់ការជាប់ពន្ធនាគារ របស់គាត់មុនកាលកំណត់ ។

លោក Winyat បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយពីកាសែត Royal Gazette បានចេញផ្សាយនៅមុននេះ ដែលបានប្រកាសថា អ្នកទោស៣ប្រភេទនឹងត្រូវបានលើកលែងទោស ក្នុងឱកាសគម្រប់ខួបគម្រប់៧២ ព្រះវស្សារបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន  (Maha Vajiralongkorn) ។

គេបានដឹងថា ការលើកលែងទោស របស់ព្រះមហាក្សត្រនឹង ចូលជាធរមាននៅថ្ងៃអាទិត្យនេះ ដោយអនុញ្ញាតឱ្យលោក ថាក់ស៊ីន ដែលបច្ចុប្បន្នកំពុងត្រូវបានដោះលែង ឱ្យមានសេរីភាពឡើងវិញ កាលពី២សប្តាហ៍មុន កាលបរិច្ឆេទដែលបានគ្រោងទុក ។

លោក Winyat លើកឡើងទៀតថា អតីតនាយករដ្ឋមន្ត្រី នឹងទទួលបានលិខិត បញ្ជាក់ពីពន្ធនាគារ ដែលធានានូវសេរីភាពរបស់គាត់ ។

គួររំលឹកថា អតីតនាយករដ្ឋមន្ត្រី វ័យ៧៤ឆ្នាំរូបនេះ បានត្រឡប់មកកាន់ ប្រទេសថៃឡង់ដ៏ ក្រោយពីការនិរទេស ដោយខ្លួនឯងកាលពីឆ្នាំមុន ហើយត្រូវបានកាត់ទោស ពីបទចោទប្រកាន់ជាច្រើនករណី ។ គាត់ត្រូវបានដោះលែងឱ្យ ស្ថិតនៅក្រៅឃុំ នៅក្នុងខែកុម្ភៈពីមន្ទីរពេទ្យប៉ូលិសក្នុងទីក្រុងបាងកក ជាកន្លែងដែលគាត់ចំណាយពេល៦ខែ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ។

លោក ថាក់ស៊ីន បានបម្រើការជានាយករដ្ឋមន្ត្រី នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ហើយបាននិរទេសខ្លួន នៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០០៨ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top