ព័ត៌មានអន្តរជាតិ

មនុស្សជិត ៦៨ លាននាក់ ទទួលរងពីគ្រោះរាំងស្ងួត នៅអាហ្វ្រិកខាងត្បូង

AFP

ហារ៉ា ៖ ប្រទេសស្ថិតក្នុងតំបន់ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង SADC បាននិយាយថា មនុស្សប្រហែល ៦៨ លាននាក់នៅអាហ្វ្រិកខាងត្បូង កំពុងទទួលរងឥទ្ធិពលនៃគ្រោះរាំងស្ងួត ដែលបណ្តាលមកពី El Nino ដោយបានបំផ្លាញដំណាំនៅទូទាំងតំបន់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

គ្រោះរាំងស្ងួតដែលបានចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ បានរងផលប៉ះពាល់ដល់ផលិតកម្មដំណាំ និងបសុសត្វបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ និងធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចធំនៅអាហ្វ្រិកខាងត្បូង។

ប្រមុខរដ្ឋមកពី១៦ ប្រទេសនៃសហគមន៍អភិវឌ្ឍន៍ អាហ្វ្រិកខាងត្បូង (SADC) កំពុងជួបប្រជុំគ្នានៅរដ្ឋធានី Harare របស់ប្រទេសហ្ស៊ីមបាវ៉េ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខស្បៀងផងដែរ ។ លោក Elias Magosi លេខាធិការប្រតិបត្តិរបស់ SADC បាននិយាយថា មនុស្សប្រហែល ៦៨ លាននាក់ ឬ១៧ភាគរយនៃចំនួនប្រជាជន ក្នុងតំបន់កំពុងត្រូវការជំនួយ។

លោកបានបន្តថា រដូវវស្សាឆ្នាំ ២០២៤ ជារដូវធ្វើឲ្យបញ្ហាប្រឈមមួយ ដែលផ្នែកភាគច្រើននៃតំបន់ជួបប្រទះនូវឥទ្ធិពលអវិជ្ជមាននៃបាតុភូត El Nino ដែលកំណត់ដោយភ្លៀងធ្លាក់យឺត។ វាជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត របស់ទ្វីបអាហ្រ្វិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារការរួមបញ្ចូលគ្នានៃ El Nino កើតឡើងដោយធម្មជាតិ នៅពេលទឹកឡើងកម្ដៅមិនធម្មតា នៅប៉ាស៊ីហ្វិកភាគខាងកើត ផ្លាស់ប្តូរលំនាំអាកាសធាតុពិភពលោក និងសីតុណ្ហភាពជាមធ្យមខ្ពស់ ជាងដែលផលិតដោយការបំភាយ ឧស្ម័នផ្ទះកញ្ចក់។

ប្រទេសជាច្រើនរួមមាន ហ្ស៊ីមបាវ៉េ ហ្សំប៊ី និងម៉ាឡាវី បានប្រកាសរួចហើយថា វិបត្តិអត់ឃ្លានជាស្ថានភាពនៃគ្រោះមហន្តរាយ ខណៈឡេសូតូ និងណាមីប៊ី បានអំពាវនាវឲ្យមានការគាំទ្រផ្នែកមនុស្សធម៌។

ប្រធាន SADC លោក Joao Lourenco ជាប្រធាន នៃប្រទេសអង់ហ្គោឡា បាននិយាយថា តំបន់នេះបានចាប់ផ្តើមការអំពាវនាវ កាលពីខែឧសភា សម្រាប់ជំនួយមនុស្សធម៌ចំនួន ៥,៥ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងគ្រោះរាំងស្ងួត ប៉ុន្តែការបរិច្ចាគមិនទាន់មានក្នុងពេលឆាប់ៗនេះទេ។

លោកបានប្រាប់កិច្ចប្រជុំកំពូលថា ចំនួនទឹកប្រាក់ ដែលបានប្រមូលមកទល់ពេលនេះជាអកុសលគឺទាបជាងចំនួនប៉ាន់ស្មាន ហើយខ្ញុំសូមរំលឹកឡើងវិញ នូវការអំពាវនាវនេះទៅកាន់ដៃគូ ក្នុងតំបន់ និងអន្តរជាតិ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ ដើម្បីជួយប្រជាជនរបស់យើង ដែលរងផលប៉ះពាល់ដោយ El Nino ៕

Most Popular

To Top