ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះទីពីរ របស់អាមេរិក អមដោយកងនាវាពិឃាត ធ្វើដំណើរមកដល់មជ្ឈិមបូព៌ា

AFP

បរទេស ៖ ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា ដោយចូលរួមជាមួយ នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបានដាក់ពង្រាយ ក្នុងតំបន់រួចហើយ។ ការមកដល់នេះកើតឡើង ចំពេលមានការភ័យខ្លាច នៃការកើនឡើងភាពតានតឹង កាន់តែធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា USS Abraham Lincoln កំពុងដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើយន្តហោះ ហើយកំពុងត្រូវបានអមដោយកងនាវាពិឃាតផងដែរ, នេះបើយោងតាម ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសនៅលើ X (អតីត Twitter) នៅថ្ងៃព្រហស្បតិ៍។
មន្ទីរបញ្ចកោណបានបញ្ជូន កងកម្លាំងប្រដាប់អាវុធ នៅក្នុងតំបន់កាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធាន ការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់គឹលោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ Hezbollah លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់។

អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានសម្លាប់លោក Shukr ប៉ុន្តែមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធនឹង ការស្លាប់លោក Haniyeh ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់បានគំរាម អ៊ីស្រាអែលជាមួយនឹង “ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ” ខណៈដែលទីក្រុងហ្សេរុយសាឡឹម ខាងលិច បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារឆ្លងព្រំដែន។ លោក Alimohammad Naini អ្នកនាំពាក្យរបស់កងឆ្មាំ បដិវត្តន៍អ៊ីស្លាមបាននិយាយកាលពីថ្ងៃអង្គារថា “ពេលវេលាគឺជាការសម្រេចចិត្តរបស់យើង ហើយរយៈពេលរង់ចាំ សម្រាប់ការឆ្លើយតបនេះអាចមានរយៈពេលយូរ” ។

ផ្ទុយទៅវិញ កងកម្លាំងការពារ អ៊ីស្រាអែល បានគំរាមកំហែងដល់សកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ ដែលបង្កឱ្យមានការភ័យខ្លាច ចំពោះការលុកលុយយ៉ាងពេញទំហឹង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top