ព័ត៌មានអន្តរជាតិ

Update ៖ អ៊ីស្រាអ៊ែល ប្រកាសពីជ័យជម្នះ លើក្រុមហាម៉ាស់ នៅតំបន់ Rafah

AFP

យេរ៉ូសាឡឹម៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានលើកឡើងកាលពីថ្ងៃពុធថា កងពលនៅតំបន់ Rafah របស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ត្រូវបាន “ចាញ់” ហើយនេះជាសញ្ញាបញ្ជាក់ថា យោធាកំពុងផ្លាស់ប្តូរ ការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការប្រយុទ្ធប្រឆាំង នឹងក្រុមហេសបូឡានៅតាមព្រំដែន រវាងប្រទេសអ៊ីស្រាអ៊ែល និងលីបង់ ។

លោក Gallant បានធ្វើការ កត់សម្គាល់នៅក្នុងអំឡុងពេលដំណើរ កម្សាន្តទៅកាន់ច្រករបៀង Philadelphia ដែលជាតំបន់ស្ថិតនៅតាម បណ្តោយព្រំដែននៃតំបន់ហ្គាហ្សា និងអេហ្ស៊ីប និងជាតំបន់ដែល អ៊ីស្រាអ៊ែល បានព្យាយាមរក្សាការគ្រប់គ្រង សូម្បីតែបន្ទាប់ពីមានបទឈប់បាញ់ ដែលមានសក្តានុពលក៏ដោយ ។

ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានចេញផ្សាយរូបថតលោក Gallant ដែលបានស្លៀកពាក់អាវកាក់ការពារគ្រាប់កាំភ្លើង និងឡោមព័ទ្ធដោយមេបញ្ជាការ នៅក្នុងអគារប៉ាឡេស្ទីន ដែលកងទ័ពអ៊ីស្រាអ៊ែលបានរឹបអូស និងប្តូរទៅជាទីស្នាក់ការកណ្តាលវិញ ។

រដ្ឋមន្ត្រីបានថ្លែងថា កងពលលេខ១៦២នៃកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បាន “យកឈ្នះ” តំបន់ Rafah របស់ក្រុមហាម៉ាស់ ។ នៅក្នុងអំឡុងពេលនៃការវាយលុកលើទីក្រុងភាគខាងត្បូងរបស់តំបន់ហ្គាហ្សា កងកម្លាំង IDF បានបំផ្លាញផ្លូវរូងក្រោមដីចំនួន១៥០ទីតាំង ។ យោងតាមតួលេខដែលបានបង្ហាញដោយលោក Gallant ។ លោកបានលើកឡើងទៀតថា ផ្លូវរូងក្រោមដីមួយចំនួនតូចគឹស្ថិតនៅដដែល ហើយលោកបានចេញបញ្ជាភ្លាមៗដើម្បីកម្ទេចរូងទាំងនោះចោល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top