ទ្វីបអាហ្រ្វិក ៖ ក្រុមហ៊ុនរុករករ៉ែ របស់កាណាដាបានរកឃើញ គ្រាប់ពេជ្រចម្លែកមួយដោយបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ជាគ្រាប់ពេជ្រដ៏ធំមានទំហំ ២,៤៩២ ការ៉ាត់ ជាគ្រាប់ពេជ្រធំទី២នៅលើពិភពលោក ត្រូវបានគេរកឃើញក្នុងប្រទេស Botswana ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្រុមហ៊ុ Lucara Diamond Corp. បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពេជ្រនេះត្រូវបានគេរកឃើញ នៅអណ្តូងរ៉ែ Karowe Diamond នៅភាគឦសានប្រទេស Botswana ដោយប្រើបច្ចេកវិទ្យាស្កេនកាំរស្មីអ៊ិច ។ Lucara មិនបានផ្តល់តម្លៃ សម្រាប់ការស្វែងរក ឬនិយាយអំពីគុណភាព របស់វានោះឡើយ។ ប៉ុន្តែបើនិយាយពីការ៉ាត់ ជាគ្រាប់ពេជ្រនេះស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីត្បូងពេជ្រ Cullinan ទម្ងន់ ៣,០១៦ ការ៉ាត់ បានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ។
ប្រធានក្រុមហ៊ុន Lucara លោក William Lamb បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយចំពោះការឃើញត្បូងពេជ្រ ២,៤៩២ ការ៉ាត់ដ៏អស្ចារ្យនេះ” ។ រូបភាពដែលចេញដោយក្រុមហ៊ុនបង្ហាញថា ពេជ្រមានទំហំធំដូចបាតដៃ។ ការរកឃើញនេះ គឺជាត្បូងពេជ្រដ៏ធំបំផុតមួយ ដែលមិនធ្លាប់បានរកឃើញ ហើយត្រូវបានគេរកឃើញដោយប្រើបច្ចេកវិទ្យា Mega Diamond Recovery X-ray របស់ក្រុមហ៊ុនបានដំឡើងកាលឆ្នាំ ២០១៧ ដើម្បីកំណត់អត្តសញ្ញាណ និងរក្សាទុកពេជ្រដ៏ធំមានតម្លៃខ្ពស់។
ប្រធានាធិបតី Botswana លោក Mokgweetsi Masisi នឹងទៅមើលគ្រាប់ពេជ្រដ៏ធំ នៅថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលរបស់លោកបាននិយាយថា វាជាគ្រាប់ពេជ្រដ៏ធំជាង គេទី២ ក្នុងពិភពលោក ។ ចំណែក លោក Tobias Kormind នាយកគ្រប់គ្រង នៃគ្រឿងអលង្ការពេជ្រ តាមអនឡាញដ៏ធំបំផុត របស់អឺរ៉ុបគឺ 77 Diamonds បានបញ្ជាក់ថា វាជាពេជ្រដ៏ធំបំផុតត្រូវបានរកឃើញចាប់តាំងពីគ្រាប់ពេជ្រ Cullinan ជាផ្នែកដែលតុបតែងលម្អម កុដរបស់ចក្រភពអង់គ្លេស ។
ប្រទេស Botswana ជាអ្នកផលិតពេជ្រ ដ៏ធំបំផុតមួយ របស់ពិភពលោក ដែលជាប្រភពចំណូលចម្បងរបស់ខ្លួនស្មើនឹង ៣០ ភាគរយ នៃផលិតផលក្នុង ស្រុកសរុប និង៨០ភាគរយនៃការនាំចេញរបស់វា ។ មុនពេលការរកឃើញត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ពេជ្រដ៏ធំបំផុតបានរកឃើញនៅប្រទេស Botswana ជាពេជ្រទំហំ ១,៧៥៨ ការ៉ាត់ ជីកដោយ Lucara នៅអណ្តូងរ៉ែ Karowe ក្នុងឆ្នាំ ២០១៩ ហើយដាក់ឈ្មោះថា Sewelo ៕