ម៉ាឡេស៊ី៖ ប៉ូលិសបាននិយាយថា ស្ត្រីម្នាក់ជាភ្ញៀវទេសចរជនជាតិប្រទេសឥណ្ឌាបានបាត់ខ្លួននៅរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ នៅពេលលោកស្រីដើរលើផ្លូវថ្នល់ក៏បានស្រត់ចុះនៅក្រោមដី ហើយលោកស្រីបានធ្លាក់ចូលទៅក្នុងណ្តៅមួយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
មេប៉ូលីសក្នុងតំបន់ Sulizmie Affendy Sulaiman បាននិយាយថា ស្ត្រីរូបនេះបានធ្លាក់ចូលទៅក្នុងរណ្តៅដែលមានជម្រៅ ៨ម៉ែត្រ ក្នុងតំបន់ Dang Wangi នៃរដ្ឋធានីម៉ាឡេស៊ី ហើយសាក្សីបានឃើញផ្លូវក្រាលកៅស៊ូស្រត់ចុះភ្លាមៗនៅត្រង់ដែលលោកស្រីកំពុងដើរតែម្តង។ ស្ត្រីនោះត្រូវបានគេស្គាល់ថា ជាអ្នកទេសចរអាយុ ៤៨ឆ្នាំ មកពីប្រទេសឥណ្ឌា។
ក្រុមអ្នកជួយសង្គ្រោះបានរារាំងផ្នែកខ្លះនៃតំបន់នោះ និងបានប្រើអេស្កាវ៉ាទ័រកាយកម្ទេចកម្ទីត្រង់នៅរន្ធបែកនោះ ប៉ុន្តែភ្លាមៗនោះមិនមានសញ្ញានៃជនរងគ្រោះនោះទេ។ លោក Sulizmie បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរអំពីស្ថានភាពដែលអាចកើតមានរបស់ស្ត្រី ឬមូលហេតុនៃឧប្បត្តិហេតុនេះ។
មេប៉ូលិសក្រុងគូឡាឡាំពួ លោក Rusdi Mohamad Isa បាននិយាយថា មានទឹកហូរខ្លាំងនៅក្រោមដី ហើយស្ត្រីនោះប្រហែលជាត្រូវទឹកហូរ។ លោក Rusdi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិ Bernama ដោយនិយាយថា ការស្វែងរកតម្រូវឲ្យមានការរៀបចំផែនការដោយប្រុងប្រយ័ត្ន ព្រោះវាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
លោកបានបន្ថែមថា ប្រសិនបើបំពង់ ឬលូត្រូវបានបិទ វាអាចបណ្ដាលឲ្យមានការជន់លិចនៅតំបន់នោះ យើងមិនអាចប្រព្រឹត្តដោយមិនប្រុងប្រយ័ត្នបានឡើយ។ លោក Rusdi បានបញ្ជាក់ថា ការរអិលដីមួយត្រូវបានគេរាយការណ៍កាលពីឆ្នាំមុននៅទីតាំងដូចគ្នា ប៉ុន្តែវាត្រូវបានជួសជុល។ អាជីវកម្មនៅតំបន់នេះត្រូវបានណែនាំឲ្យបិទជាបណ្ដោះអាសន្នដោយហេតុផលសុវត្ថិភាព។
លោកបានអះអាងថា ស្ត្រីរូបនេះបានមកប្រទេសម៉ាឡេស៊ីជាមួយប្តី និងមិត្តភក្តិជាច្រើននាក់កាលពី ២ខែមុន ដើម្បីវិស្សមកាល ហើយពួកគេគ្រោងនឹងត្រឡប់មកផ្ទះវិញនៅថ្ងៃសៅរ៍៕