ប៉ារីស ៖ តុលាការប្រទេសបារាំង នៅបន្តការឃុំខ្លួនស្ថាបនិក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov មកដល់ថ្ងៃនេះ បន្ទាប់ពីការចាប់ខ្លួន របស់លោកនៅអាកាសយានដ្ឋាន Le Bourget ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ដែលជាកម្មវិធីដ៏ចម្រូងចម្រាសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
បើយោងតាមប្រភពជិតស្និទ្ធ នឹង ការស៊ើបអង្កេតបានឲ្យដឹងថា ការចាប់ខ្លួនរបស់លោក នៅអាកាសយានដ្ឋាន Le Bourget នៅខាងក្រៅទីក្រុងប៉ារីស កាលពីល្ងាច ថ្ងៃសៅរ៍ ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើមមួយ សម្រាប់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ដ៏មានឥទ្ធិពលបំផុតមួយលើពិភពលោក។
ការឃុំខ្លួនលោក Durov អាយុ ៣៩ ឆ្នាំត្រូវបានបន្តរហូតមកដល់ថ្ងៃនេះទៀត ដោយសារចៅក្រមស៊ើបអង្កេតដែលកំពុងដោះស្រាយករណីនេះ ។ ការឃុំខ្លួនសម្រាប់ការសាកសួរអាចមានរយៈពេលអតិបរមាត្រឹមតែ៩៦ ម៉ោងប៉ុណ្ណោះ។ នៅពេលដំណាក់កាលនៃការឃុំខ្លួននេះបញ្ចប់ ចៅក្រមអាចសម្រេចដោះលែងលោក ឬក៏មានបទចោទប្រកាន់លោកអាចឃុំខ្លួនលោកបន្តទៀតបាន។
ប្រភពជិតស្និទ្ធនឹងករណីនេះ បាននិយាយថា លោក Durov បានមកដល់ទីក្រុងប៉ារីសពី Baku ប្រទេស Azerbaijan ហើយគ្រោងនឹងទទួលទានអាហារ ពេលល្ងាចនៅរដ្ឋធានីបារាំង។ ប្រភពដដែលបានបន្ថែមថា លោកធ្វើដំណើរ ទៅប្រទេសដោយអង្គរក្ស និងជំនួយការផ្ទាល់ខ្លួនអមដំណើរ ជាមួយលោកជានិច្ច។
ប្រភពមួយផ្សេងទៀតបាននិយាយថា ការិយាល័យ OFMIN របស់ប្រទេសបារាំង ដែលមានភារកិច្ច ទប់ស្កាត់អំពើហិង្សា លើអនីតិជនបានចេញ ដីកាចាប់ខ្លួនលោក Durov ក្នុងការស៊ើបអង្កេតបឋម លើបទល្មើសត្រូវបានចោទប្រកាន់រួមមានការក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការគំរាមកំហែងតាមអ៊ីនធើណេត រៀបចំឧក្រិដ្ឋកម្ម និងការផ្សព្វផ្សាយភេរវកម្ម។
លោក Durov ត្រូវបានបារាំងចោទប្រកាន់ថា មិនបានចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ឧក្រិដ្ឋកម្មនៃវេទិការបស់លោក ខណៈក្រុមហ៊ុន Telegram បានធ្វើការឆ្លើយតបថា លោក Durov មិនមានអ្វីត្រូវលាក់បាំង ហើយធ្វើដំណើរញឹកញាប់នៅអឺរ៉ុប។
ក្រុមហ៊ុនបានបន្ថែមថា Telegram គោរពតាមច្បាប់ របស់សហភាពអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល ការសម្របសម្រួល ដោយស្ថិតនៅក្រោមស្តង់ដារ ឧស្សាហកម្ម។ វាមិនសមហេតុផលឡើយ សម្រាប់ការអះអាងថា វេទិកា ឬម្ចាស់របស់វេទិកាទទួលខុសត្រូវចំពោះការរំលោភបំពានលើវេទិកានោះឡើយ ៕