ប៉ារីស៖ កាលពីថ្ងៃអាទិត្យ ក្រោយពីមានការចាប់ខ្លួន នាយកប្រតិបត្តិ(CEO)បណ្តញសង្គម Telegram រួចមក ម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់សហរដ្ឋអាមេរិក គឺបណ្តាញសង្គម X លោក Elon Musk និងអតីតអ្នកទទួលខុសត្រូវទីភ្នាក់ងារ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក Edward Snowden ដែលលោកទាំង២នាក់បានរិះគន់យ៉ាងខ្លាំងទៅលើការចាប់ខ្លួននេះ និងបានសង្កត់ធ្ងន់ថា វាជាសេរីភាព នៃការនិយាយស្តីប៉ុណ្ណោះ ។
គេបានដឹងថា លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ នៅឯអាកាសយានដ្ឋាន Le Bourget ក្នុងទីក្រុងប៉ារីស។
បន្ទាប់ពីបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Tweet ដែលបានដាក់ថា #FreePavel នៅលើបណ្តាញសង្គម X លោក Musk បានសរសេរប្រកាសជាច្រើនផ្សេងទៀត ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការការពារសេរីភាពក្នុងការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ ។
ចំណែកលោក Snowden ដែលស្ថិតនៅក្នុងតំណែងរបស់គាត់នៅបណ្តាញសង្គម X គាត់បានហៅការចាប់ខ្លួនលោក Pavel Durov ថា ជា “ការរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាននៃការនិយាយស្តី និងសមាគម” ។
គាត់បានបញ្ជាក់ថា “ខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងដែល លោកប្រធានាធិបតីបារាំង EmmanuelMacron បានធ្វើដល់ថ្នាក់នេះដោយធ្វើការចាប់ចំណាប់ធ្វើជាខ្មាំង ដែលជាមធ្យោបាយសម្រាប់ការទទួលបានទំនាក់ទំនងឯកជន។ វាធ្វើឱ្យប្រទេសបារាំង ថយចុះឥទ្ធិពលតែប៉ុណ្ណោះទេ ថែមទាំងពិភពលោកទៀតផង ។
ជាការឆ្លើយតបទៅនឹងការចាប់ខ្លួននេះដែរ ក្រុមបណ្តាញសង្គម Telegram បានលើកឡើងនៅលើគណនី X របស់ខ្លួនថា ក្រុមហ៊ុន “គោរពតាមច្បាប់សហភាពអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល” ផងដែរ ។
ក្រុមបណ្តាញសង្គមនេះបានឲ្យដឹងទៀតថា “វាមិនសមហេតុផលអ្វី ទាល់តែសោះក្នុងការអះអាងថាវេទិកាមួយ ឬម្ចាស់របស់បណ្តាញនោះទទួលខុសត្រូវ ចំពោះការរំលោភបំពាន លើវេទិកានោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា