ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ថា អ៊ីស្រាអែលគួរតែគោរពតាមការចរចាបទឈប់បាញ់ ដែលមានកន្លងមក

ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា គណៈប្រតិភូរបស់ខ្លួនទាមទារឱ្យអ៊ីស្រាអែល ត្រូវចងតាមអ្វីដែលបានព្រមព្រៀងគ្នានៅថ្ងៃទី០២ ខែកក្កដា ដោយផ្អែកលើអ្វី ដែលមានចែងនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Ezzat Al-Rashq សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូចរចារបស់ក្រុមហាម៉ាស់បានចាកចេញពីទីក្រុងគែរ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា ហើយបានឮពីពួកគេអំពីលទ្ធផលនៃការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ 

ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នាពីមុនមក តាមរបៀបដែលសម្រេចបាននូវផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងបញ្ឈប់ការឈ្លានពានប្រឆាំងនឹងពួកគេ។

គណៈប្រតិភូបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែរួមបញ្ចូលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់អ្នកស្រុកហ្គាហ្សា ទៅកាន់ផ្ទះរបស់ពួកគេ ការសង្គ្រោះ និងការកសាងឡើងវិញ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស-ចំណាប់ខ្មាំង។

ប្រភពប៉ាឡេស្ទីន ដែលស្និទ្ធនឹងក្រុមហាម៉ាសបានប្រាប់ស៊ីនហួរកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស់ទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ក្នុងពេលឆាប់ៗនេះទេ ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍សុទិដ្ឋិនិយមពីសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ឈូក បូរ៉ា

Most Popular

To Top