ព័ត៌មានអន្តរជាតិ

មេដឹកនាំបារាំងលោក Macron ៖ ការចាប់ខ្លួនប្រធានកម្មវិធីផ្ញើសារ Telegram មិនមែនជារឿង នយោបាយឡើយ

AFP

ប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ កាលពីថ្ងៃចន្ទថា ការចាប់ខ្លួននាយកប្រតិបត្តិ នៃកម្មវិធីផ្ញើសារដ៏ពេញ និយម Telegram លោក Pavel Durov នៅប្រទេសបារាំង មិនមែនជាសកម្មភាព នយោបាយឡើយ នេះជាផ្នែកមួយ នៃការស៊ើបអង្កេតឯករាជ្យ តែប៉ុណ្ណោះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីស បាននិយាយកាលពីថ្ងៃចន្ទថា លោក Durov ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍ នៅអាកាសយានដ្ឋាន Le Bourget ក្នុងការស៊ើបអង្កេតរបស់តុលាការមួយ ដែលបានបើកកាល ពីខែមុនពាក់ព័ន្ធ នឹងការរំលោភ ឧក្រិដ្ឋកម្មត្រូវបានចោទប្រកាន់ចំនួន១២ ករណី ។

យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បាននិយាយលើសេចក្តីថ្លែងការណ៍មួយថា ការរំលោភដែលសង្ស័យរួមមានភាពស្មុគស្មាញក្នុងការលក់រូបភាពអាសអាភាសរបស់កុមារ និងការជួញដូរគ្រឿងញៀន ការក្លែងបន្លំ រៀបចំប្រតិបត្តិការ ឧក្រិដ្ឋកម្ម និងការបដិសេធមិនចែករម្លែកព័ត៌មាន ឬឯកសារជាមួយអ្នកស៊ើប អង្កេតនៅពេលដែលច្បាប់តម្រូវ។

ការអត្ថាធិប្បាយជាសាធារណៈលើកដំបូង របស់ប្រទេសបារាំងស្តីពីការចាប់ខ្លួន លោក Macron បានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម X ថា ប្រទេស របស់លោកប្តេជ្ញាចិត្ត យ៉ាងជ្រាលជ្រៅចំពោះសេរីភាព នៃការបញ្ចេញមតិ ប៉ុន្តែសេរីភាពត្រូវបានតម្កល់ក្នុង ក្របខណ្ឌច្បាប់ ទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងជីវិតពិត ដើម្បីការពារ ប្រជាពលរដ្ឋ និងគោរពសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

ដោយបរិហារអ្វី ដែលលោកហៅថា ព័ត៌មានមិនពិត លោក Macron បាននិយាយថា ការចាប់ខ្លួននេះ មិនមែនជាការ សម្រេចចិត្តខាងនយោបាយទេ វាអាស្រ័យលើចៅក្រមក្នុង​ការសម្រេចលើរឿងនេះ​ ។ ​ការិយាល័យរដ្ឋអាជ្ញាបានបន្តថា ការឃុំខ្លួន លោក Durov ត្រូវបានបន្តរហូតដល់យប់ថ្ងៃចន្ទ ហើយអាចអូសបន្លាយរហូតដល់ល្ងាចថ្ងៃពុធ មុនពេលអាជ្ញាធរត្រូវតែដោះលែង ឬចោទប្រកាន់លោក។

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានសម្តែងការខឹងសម្បារចំពោះការឃុំខ្លួនរបស់គាត់ ដោយអ្នកខ្លះបានហៅឃុំខ្លួនលោក Durov ថា ជាហេតុផលនយោបាយ និងភស្តុតាងនៃស្តង់ដារទ្វេរដងរបស់បស្ចិមប្រទេសស្តីពីសេរីភាពនៃការបញ្ចេញមតិ៕

Most Popular

To Top