អូស្ត្រាលី ៖ អតីតបុគ្គលិកថែទាំកុមារ លោក Ashley Paul Griffith កាលពីថ្ងៃទី ២ ខែកញ្ញា បានសារភាពថា លោកពិតជាមានទោស ពីបទរំលោភ បំពានផ្លូវភេទ និងកេងប្រវ័ញ្ចលើក្មេងស្រី រាប់សិបនាក់ ក្រោមការមើលថែ របស់លោកនៅប្រទេសអូស្ត្រាលី និងអ៊ីតាលី យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
នេះបើយោងតាមទូរទស្សន៍រដ្ឋ ABC បាននិយាយថា ចៅក្រម Anthony Rafter បានចំណាយពេលជាង ២ ម៉ោង ដើម្បីពិនិត្យមើលការ ចោទប្រកាន់ចំនួន៣០៧ ករណីប្រឆាំងនឹងលោក Griffith ក្នុងបន្ទប់សវនាការនៅទីក្រុង Brisbane ជាកន្លែងដែលជនរងគ្រោះជាច្រើននាក់ និងក្រុមគ្រួសាររបស់ពួកគេ បានប្រមូលផ្តុំគ្នា ។
ប៉ូលីសបានចោទប្រកាន់បុរសវ័យ ៤៦ ឆ្នាំរូបនេះថា ជាជនអនាធិបតេយ្យ ដ៏អាក្រក់បំផុត របស់ប្រទេសអូស្ត្រាលី បន្ទាប់ពីការចោទប្រកាន់ លើលោកត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឆ្នាំ ២០២៣។ លោកGriffith ត្រូវចាប់ខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០២២ ពីបទបង្កើតខ្លឹមសារ រំលោភបំពានផ្លូវភេទលើកុមារ មួយឆ្នាំក្រោយមក លោកត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន ១,៦២៣ប្រឆាំងនឹងកុមារ៩១នាក់។
ABC បានរាយការណ៍ថា ទោះយ៉ាងណាក៏ដោយ ការចោទប្រកាន់មួយចំនួនត្រូវបានកាត់ចោល និងការចោទប្រកាន់កាលពីថ្ងៃទី ២ ខែកញ្ញាទាក់ទងនឹងកុមារ ប្រហែល ៦០ នាក់។ ជនរងគ្រោះជាច្រើនមានអាយុក្រោម ១២ឆ្នាំ ។
បទល្មើសបានកើតឡើង រវាងឆ្នាំ ២០០៣ និង ២០២២ នៅទីតាំងចំនួន ១២ ផ្សេងគ្នានៅទូទាំង ប្រទេសអូស្ត្រាលី ក៏ដូចជាទីក្រុង Pisa ប្រទេសអ៊ីតាលី។ លោក Griffith ស្ថិតនៅក្នុងមន្ទីរឃុំឃាំង ហើយនឹងត្រូវកាត់ទោសនៅពេលក្រោយ ។
ABC បានរាយការណ៍ថា តុលាការបានស្តាប់ថា ការកាត់ទោស អាចចំណាយពេលលើសពី២ថ្ងៃ ដើម្បីផ្តល់ពេលវេលា ដើម្បីពិនិត្យមើលសេចក្តីថ្លែងការណ៍ អំពីផលប៉ះពាល់របស់ជនរងគ្រោះ៕