ព័ត៌មានអន្តរជាតិ

សិង្ហបុរី នឹងចាប់ផ្តើមសាងសង់ស្ថានីយទី ៥ របស់អាកាសយានដ្ឋាន Changi នៅឆ្នាំក្រោយ

VN Express

សិង្ហបុរី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយទី ៥ នៅក្នុងអាកាសយានដ្ឋាន Changi ដ៏ល្បីល្បាញរបស់ខ្លួនក្នុងឆមាសទីមួយនៅឆ្នាំក្រោយអាចបង្កើនសមត្ថភាពផ្ទុកអ្នកធ្វើដំណើរបានរហូតដល់ ៥៦ភាគរយ។

នេះបើយោងតាមការរាយការណ៍របស់ The Straits Times បាននិយាយថា លោកនាយករដ្ឋមន្ត្រី Lawrence Wong បាននិយាយក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃសុក្រថា ស្ថានីយថ្មីនេះមានគោលបំណងតភ្ជាប់ប្រទេសសិង្ហបុរីទៅកាន់ទីក្រុងជាង ២០០ ដែលអាចកើនឡើងពីចំនួនជិត ១៥០ នាពេលបច្ចុប្បន្ននេះ។ ស្ថានីយទី៥ ដែលជាគម្រោងធំមួយ ត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពអ្នកដំណើរប្រចាំឆ្នាំរបស់ Changi ចំនួន ៥០ លាននាក់នាំឲ្យចំនួនសរុបកើនឡើងដល់ ១៤០ លាននាក់ នៅពេលបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០៣០។

លោក Wong បានបន្តថា ប្រទេសមួយចំនួនក្នុងតំបន់ និងលើសពីនេះកំពុងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់ពួកគេ ដើម្បីបម្រើតម្រូវការកើនឡើង។ លោកបានបន្ថែមថា អ្នកខ្លះបានប្រកាសផែនការសម្រាប់ព្រលានធំដែលអាចផ្ទុកអ្នកដំណើរបានជាង ១០០ លាននាក់ក្នុងមួយឆ្នាំ ដូច្នេះពួកគេកំពុងបង្រួមគម្លាតជាមួយសិង្ហបុរី” ។

នេះបើយោងតាមការស្រាវជ្រាវរបស់ Nikkei Asia បាននិយាយថា អាស៊ីអាគ្នេយ៍បច្ចុប្បន្នកំពុងជួបប្រទះនឹងការកើនឡើងនៃការកែលម្អអាកាសយានដ្ឋាន និងការសាងសង់ថ្មី។ ​ប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងកម្ពុជានឹងឃើញសមត្ថភាពគ្រប់គ្រងអ្នកដំណើរប្រចាំឆ្នាំសរុបដល់ទៅ ៦៥៣ លាននាក់នៅឆ្នាំ ២០៣០ ដែលជិតទ្វេដងពីចំនួន ៣៣៦ លាននាក់គិតត្រឹមខែមករា ឆ្នាំ ២០២៣។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាគម្រោងអាកាសយានដ្ឋានមានមហិច្ឆតាបំផុតរបស់ប្រទេសនេះ កំពុងត្រូវបានសាងសង់ ហើយនឹងទទួលបានជើងហោះហើរពាណិជ្ជកម្មដំបូងរបស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៦។ អាកាសយានដ្ឋានដំបូងនឹងអាចផ្ទុកអ្នកដំណើរបាន ២៥ លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែនៅទីបំផុតនឹងបម្រើអ្នកដំណើរ ១០០ លាននាក់ នៅពេលដំណាក់កាលទាំង៣ត្រូវបានបញ្ចប់៕

Most Popular

To Top