វៀតណាម៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សរាប់លាននាក់នៅទូទាំងអាស៊ី អាគ្នេយ៍បានជួបការលំបាក កាលពីថ្ងៃព្រហស្បតិ៍ជា មួយនឹងផ្ទះជន់លិច ការដាច់ចរន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូច បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ពេញតំបន់ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២៥០ នាក់។
នៅប្រទេសវៀតណាមដែលរងគ្រោះខ្លាំងបំផុត អ្នកស្លាប់បានកើនឡើងដល់ ២៣៣ នាក់ និងអ្នកស្លាប់ចំនួន ៩ នាក់នៅភាគខាងជើងប្រទេសថៃ ជាស្រុកមួយកំពុងទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ ឆ្នាំ។
សេវាពន្លត់អគ្គីភ័យជាតិ របស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ពីការស្លាប់ ទាក់ទងនឹងព្យុះទីហ្វុង Yagi ដំបូងបង្អស់ របស់ប្រទេស បន្ទាប់ពីសាកសពចំនួន ១៧ នាក់ ត្រូវបានរកឃើញពីភូមិដែលលិចទឹកនៅតំបន់ Mandalay ខណៈមនុស្សជាង ៥០,០០០នាក់ត្រូវបានបង្ខំឲ្យចាកចេញ ពីផ្ទះរបស់ពួកគេ។
ព្យុះទីហ្វុង Yagi បាននាំមកនូវទឹកជំនន់ដ៏ធំ ដែលបានជន់លិចតំបន់ ភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ាបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ទន្លេរីករាលដាល។ កសិករម្នាក់នៅជាយទីក្រុងហាណូយបានប្រាប់ AFP ថា ចម្ការផ្កាផ្លែប៉េសទំហំ ១,៨០០ ម៉ែត្រការ៉េ ទាំងមូលរបស់លោកត្រូវបានលិចទឹក ដោយបំផ្លាញដើម ឈើរបស់លោកទាំង ៤០០ដើម។
កសិករ Tu បាននិយាយថា វានឹងពិបាកណាស់ សម្រាប់ខ្ញុំក្នុងការងើបឡើងវិញ ពីការបាត់បង់នេះ ខ្ញុំគិតថា ខ្ញុំនឹងបាត់បង់រហូតដល់ ៤០,០០០ ដុល្លារក្នុងរដូវកាលនេះ ។ ខ្ញុំពិតជាមិនដឹងធ្វើយ៉ាងណាឥឡូវនេះ ខ្ញុំគ្រាន់តែរង់ចាំទឹកស្រកចុះ ។
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជាង ១៤០,០០០ ខ្នងនៅទូទាំងខេត្ត ចំនួន ២៦ ក្នុងប្រទេសវៀតណាម។ ទឹកជំនន់ក្នុងប្រទេសវៀតណាម កំពុងស្រកចុះ ដោយហូរកាត់ ទន្លេក្រហម ជាផ្លូវទឹកសំខាន់ ក្នុងតំបន់ចូលសមុទ្រ ។
អាជ្ញាធរនៅតាមស្រុក ជាច្រើននៅតំបន់ដី សណ្ដទន្លេក្រហម បានបញ្ជាឲ្យ មនុស្សជាង ៥០,០០០ នាក់ ជម្លៀសផ្ទះ របស់ពួក គេជាការប្រុងប្រយ័ត្ន ខណៈពេលដែលទឹកហូរកាត់ ៕